3. ស្ដេចក្រុងយេរីខូចាត់គេឲ្យទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើបការណ៍នៅស្រុកទាំងមូល»។
4. ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់ រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។
5. លុះដល់ពេលព្រលប់ គឺពេលដែលគេបិទទ្វារក្រុង បុរសនោះបានចេញទៅបាត់ នាងខ្ញុំពុំដឹងថាពួកគេទៅទីណាទេ។ សូមដេញតាមឲ្យលឿន អស់លោកមុខជាទាន់ពួកគេពុំខាន!»។
6. តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។
7. អ្នកទាំងនោះដេញតាមរកពួកគេ ឆ្ពោះទៅកាន់ទន្លេយ័រដាន់ គឺនៅកន្លែងទឹករាក់ៗដែលអាចឆ្លងបាន។ កាលពួកអ្នកដេញតាមចេញផុតអស់ទៅ គេក៏បិទទ្វារទីក្រុង។
8. នាងបានឡើងទៅជួបអ្នកស៊ើបការណ៍ទាំងពីរនៅលើដំបូលផ្ទះ មុនពួកគេចូលដំណេក
9. ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា ព្រះអម្ចាស់ប្រគល់ស្រុកនេះដល់ពួកលោក។ ពួកលោកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកលោក
10. ដ្បិតយើងបានឮគេនិយាយថា ព្រះអម្ចាស់ធ្វើឲ្យសមុទ្រកក់រីងស្ងួតនៅចំពោះមុខពួកលោក នៅគ្រាដែលពួកលោកចាកចេញពីស្រុកអេស៊ីប។ យើងក៏ដឹងដែរថា ពួកលោកបានប្រព្រឹត្តបែបណាចំពោះព្រះបាទស៊ីហុន និងព្រះបាទអុក ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅខាងកើតទន្លេយ័រដាន់ គឺពួកលោកបានបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។
11. ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកលោក ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ពួកលោក ជាព្រះដែលគង់នៅលើមេឃដ៏ខ្ពស់បំផុត ហើយព្រះអង្គក៏គង់នៅផែនដីខាងក្រោមនេះដែរ។
12. ឥឡូវនេះ សូមលោកទាំងពីរស្បថឲ្យនាងខ្ញុំ ដោយយកព្រះអម្ចាស់ជាសាក្សីថា នាងខ្ញុំបានជួយលោកទាំងពីរដោយសប្បុរសយ៉ាងណា សូមលោកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្ដុតាងឲ្យនាងខ្ញុំបានដឹងច្បាស់ថា
13. ពួកលោកនឹងអនុគ្រោះដល់ជីវិតឪពុកម្ដាយ បងប្អូន ប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមញាតិទាំងអស់របស់គាត់ គឺសូមជួយគេទាំងអស់គ្នាឲ្យបានរួចជីវិតផង»។