16. នាងនិយាយទៅកាន់បុរសទាំងពីរថា៖ «សូមរត់ទៅកាន់ភ្នំទៅ ដើម្បីកុំឲ្យគេដេញតាមទាន់! សូមពួននៅទីនោះចំនួនបីថ្ងៃ ចាំពួកអ្នកដែលដេញតាមត្រឡប់មកវិញ រួចសឹមអញ្ជើញបន្តដំណើរទៅទៀត»។
17. បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំឲ្យយើងស្បថ តែនាងត្រូវធ្វើដូចតទៅ
18. ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហមនៅមាត់បង្អួច ដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារទាំងមូល ឲ្យមកជួបជុំជាមួយនាង។
19. ប្រសិនបើនរណាម្នាក់ចេញទៅក្រៅផ្ទះ គេនឹងទទួលខុសត្រូវលើខ្លួនឯង យើងមិនរ៉ាប់រងទទួលខុសត្រូវទេ។ ផ្ទុយទៅវិញ ប្រសិនបើមានពួកយើងប្រហារជីវិតនរណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង ពួកយើងនឹងទទួលខុសត្រូវ!
20. ប៉ុន្តែ បើនាងយករឿងរបស់យើងទៅលាតត្រដាងប្រាប់គេ យើងនឹងបានរួចពីសម្បថ ដែលនាងសុំឲ្យយើងស្បថនោះ»។
21. នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់លោកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។
22. បុរសទាំងពីរធ្វើដំណើរទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់រយៈពេលបីថ្ងៃ រហូតទាល់តែពួកដែលដេញតាមត្រឡប់មកវិញ។ ពួកអ្នកដេញតាមនោះបានរកគេហូរហែតាមផ្លូវ តែមិនឃើញសោះ។
23. បន្ទាប់មក បុរសទាំងពីរបានចុះពីភ្នំ ឆ្លងកាត់ទន្លេយ័រដាន់ វិលទៅជួបលោកយ៉ូស្វេ ជាកូនរបស់លោកនូនវិញ ហើយជម្រាបលោកនូវហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់ពួកគេ។
24. បុរសទាំងពីរជម្រាបលោកយ៉ូស្វេថា៖ «ព្រះអម្ចាស់ពិតជាបានប្រគល់ទឹកដីនេះទាំងមូលមកឲ្យយើងកាន់កាប់មែន សូម្បីតែប្រជាជនក្នុងស្រុកក៏ញ័ររន្ធត់នៅចំពោះមុខយើងទាំងអស់គ្នាដែរ»។