9. ដោយទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែកមកចែកឲ្យកូនចៅស៊ីម្មាន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម្មានស្ថិតនៅកណ្ដាលទឹកដីយូដា។
10. ឆ្នោតលើកទីបីត្រូវចំលើកូនចៅសាប់យូឡូន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេលាតសន្ធឹងរហូតដល់សារីដ។
11. ព្រំប្រទល់ឡើងឆ្ពោះទៅទិសខាងលិចរហូតដល់ម៉ារ៉ាឡា ហើយទៅដល់ដាបាសែត និងរហូតទៅដល់ទឹកធ្លាក់ ដែលនៅទល់មុខនឹងយុកនាម។
12. ពីសារីដ ព្រំប្រទល់នេះបត់ទៅទិសខាងកើត ដល់ព្រំប្រទល់ស្រុកគីស្លូត-តាបោរ បន្តទៅដល់ដាប្រាត ហើយឡើងទៅយ៉ាភា។
13. បន្ទាប់មក ព្រំប្រទល់នេះបន្តទៅខាងកើតរហូតដល់គីតា-ហេភើរ អ៊ីតា-កាស៊ីន ហើយទៅដល់រីម៉ូន រួចបត់ទៅណេយ៉ា។
14. ព្រំប្រទល់នេះវាងទៅខាងជើងហាណាថូន ហើយទៅដល់ជ្រោះយីបថា-អែល។
15. ទឹកដីនេះមានទាំងអស់ដប់ពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង ក្នុងចំណោមក្រុងទាំងនោះមានកាថាត ណា-ហាឡាល់ ស៊ីមរ៉ូន យីដាឡា និងបេថ្លេហិមជាដើម។
16. ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កូនចៅសាប់យូឡូន តាមអំបូររបស់ពួកគេ។
17. ឆ្នោតលើកទីបួនត្រូវចំលើកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។
18. ទឹកដីរបស់គេមានក្រុងយីសរាល គីសាឡូត ស៊ូណេម
19. ហាផារ៉ែម ស៊ីអូន អាណាក្រាត
20. រ៉ាប៊ីត គីសយ៉ូន អាបេស
21. រេមេត អេន-កានីម អេន-ហាដា បេតផាសេ។
22. ព្រំប្រទល់នៃទឹកដីនេះភ្ជាប់ទៅនឹងក្រុងតាបោរ សាហាត់ ស៊ីម៉ា បេតសេមែស ហើយទៅដល់ទន្លេយ័រដាន់។ មានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
23. ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។
24. ឆ្នោតលើកទីប្រាំត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។