យ៉ូស្វេ 18:8-17 Khmer Standard Version (KHSV)

8. បុរស​ដែល​លោក​យ៉ូស្វេ​ចាត់​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នាំ​គ្នា​រៀប‌ចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ លោក​យ៉ូស្វេ​បាន​ផ្ដែ‌ផ្ដាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។

9. បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក រួច​ធ្វើ​របាយ‌ការណ៍​ជា​លាយ‌លក្ខណ៍​អក្សរ​អំពី​ក្រុង​នានា​ទាំង​ប្រាំ‌ពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​ស៊ីឡូ​វិញ។

10. នៅ​ស៊ីឡូ លោក​យ៉ូស្វេ​ចាប់​ឆ្នោត ចែក​ទឹក​ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។

11. ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​កូន​ចៅ​យូដា និង​ទឹក​ដី​របស់​កូន​ចៅ​យ៉ូសែប។

12. ព្រំ‌ប្រទល់​ខាង​ជើង​នៃ​ទឹក​ដី​របស់​គេ​ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​តាម​ជម្រាល​ខាង​ជើង​ក្រុង​យេរីខូ បន្ត​ទៅ​ខាង​លិច កាត់​តាម​តំបន់​ភ្នំ ហើយ​ទៅ​ដល់​វាល​រហោ‌ស្ថាន នៅ​បេត‌អា‌វេន។

13. បន្ទាប់​មក ព្រំ‌ប្រទល់​ចេញ​ពី​ទី​នោះ​តម្រង់​ទៅ​ទីក្រុង​លូស ដោយ​កាត់​តាម​ជម្រាល​ខាង​ត្បូង​ក្រុង​នោះ (គឺ​បេត‌អែល) រួច​ចុះ​ទៅ​អាថា‌រ៉ូត-‌អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត‌ហូរ៉ូន​ក្រោម។

14. នៅ​ខាង​លិច​ភ្នំ​នេះ ព្រំ‌ប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូង​រហូត​ទៅ​ទល់​នឹង​គារ‌យ៉ាត-‌បាល គឺ​គារ‌យ៉ាត-‌យ៉ារីម ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នេះ​ហើយ​ព្រំ‌ប្រទល់​ខាង​លិច​របស់​គេ។

15. រីឯ​ព្រំ‌ប្រទល់​ប៉ែក​ខាង​ត្បូង​ចេញ​ពី​គារ‌យ៉ាត-‌យ៉ារីម បន្ត​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ប្រភព​ទឹក​ណិប‌តា។

16. ព្រំ‌ប្រទល់​នេះ​ចុះ​ទៅ​តាម​ជើង​ភ្នំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ជ្រលង​ភ្នំ​ហ៊ិន‌ណម ខាង​ជើង​វាល​រាប​រេផែម រួច​ចុះ​តាម​វាល​រាប​ហ៊ី‌ណម ត្រង់​ជម្រាល​ខាង​ត្បូង​ភ្នំ​យេប៊ូស ចុះ​ទៅ​អេន-‌រ៉ូកែល។

17. បន្ទាប់​មក ព្រំ‌ប្រទល់​បត់​ទៅ​ខាង​ជើង​ដល់​អេន-‌សេ‌ម៉េស និង​កេលី‌ឡូត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ​អាឌូ‌មីម ហើយ​ចុះ​ទៅ​ផ្ទាំង​ថ្ម​របស់​លោក​បូហាន ជា​កូន​របស់​លោក​រូបេន។

យ៉ូស្វេ 18