2. ក្នុងចំណោមជនជាតិអ៊ីស្រាអែល មានកុលសម្ព័ន្ធប្រាំពីរទៀតដែលពុំទាន់បានទទួលទឹកដីជាមត៌កនៅឡើយ។
3. លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «តើអ្នករាល់គ្នារង់ចាំដល់កាលណាទៀត ទើបទៅចាប់យកទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរស*របស់អ្នករាល់គ្នា ប្រទានឲ្យ?
4. ក្នុងកុលសម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់ពួកគេឲ្យទៅពិនិត្យមើលទឹកដី ដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មក ពួកគេត្រឡប់មកវិញ ហើយរាយការណ៍ឲ្យខ្ញុំដឹង។
5. ពួកគេនឹងចែកទឹកដីនោះជាប្រាំពីរចំណែក គឺកុលសម្ព័ន្ធយូដានឹងទៅរស់នៅលើទឹកដីរបស់គេ ក្នុងភូមិភាគខាងត្បូង ហើយក្រុមគ្រួសារលោកយ៉ូសែបទៅនៅលើទឹកដីរបស់គេក្នុងភូមិភាគខាងជើង។
6. ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
7. ប៉ុន្តែ កុលសម្ព័ន្ធលេវីនឹងមិនទទួលចំណែកជាទឹកដី ក្នុងចំណោមអ្នករាល់គ្នាទេ ព្រោះមុខងារជាបូជាចារ្យ*បម្រើព្រះអម្ចាស់ ជាចំណែកមត៌ករបស់ពួកគេ។ រីឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់រួចហើយ គឺជាមត៌កដែលលោកម៉ូសេ ជាអ្នកបម្រើព្រះអម្ចាស់ បានប្រគល់ឲ្យ»។
8. បុរសដែលលោកយ៉ូស្វេចាត់ឲ្យទៅស៊ើបការណ៍ នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែ មុននឹងចេញទៅ លោកយ៉ូស្វេបានផ្ដែផ្ដាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។
9. បុរសទាំងនោះចាកចេញទៅ ហើយធ្វើដំណើរពាសពេញស្រុក រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីក្រុងនានាទាំងប្រាំពីរចំណែកនោះ ហើយត្រឡប់មកជួបលោកយ៉ូស្វេនៅជំរំស៊ីឡូវិញ។
10. នៅស៊ីឡូ លោកយ៉ូស្វេចាប់ឆ្នោត ចែកទឹកដីឲ្យជនជាតិអ៊ីស្រាអែល នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។
11. ឆ្នោតលើកដំបូងត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេស្ថិតនៅចន្លោះទឹកដីរបស់កូនចៅយូដា និងទឹកដីរបស់កូនចៅយ៉ូសែប។
12. ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេចាប់ផ្ដើមពីទន្លេយ័រដាន់ ឡើងតាមជម្រាលខាងជើងក្រុងយេរីខូ បន្តទៅខាងលិច កាត់តាមតំបន់ភ្នំ ហើយទៅដល់វាលរហោស្ថាន នៅបេតអាវេន។
13. បន្ទាប់មក ព្រំប្រទល់ចេញពីទីនោះតម្រង់ទៅទីក្រុងលូស ដោយកាត់តាមជម្រាលខាងត្បូងក្រុងនោះ (គឺបេតអែល) រួចចុះទៅអាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេតហូរ៉ូនក្រោម។
14. នៅខាងលិចភ្នំនេះ ព្រំប្រទល់បត់ទៅទិសខាងត្បូងរហូតទៅទល់នឹងគារយ៉ាត-បាល គឺគារយ៉ាត-យ៉ារីម ជាក្រុងរបស់កូនចៅយូដា។ នេះហើយព្រំប្រទល់ខាងលិចរបស់គេ។
15. រីឯព្រំប្រទល់ប៉ែកខាងត្បូងចេញពីគារយ៉ាត-យ៉ារីម បន្តឆ្ពោះទៅទិសខាងលិច រហូតដល់ប្រភពទឹកណិបតា។
16. ព្រំប្រទល់នេះចុះទៅតាមជើងភ្នំដែលស្ថិតនៅទល់មុខនឹងជ្រលងភ្នំហ៊ិនណម ខាងជើងវាលរាបរេផែម រួចចុះតាមវាលរាបហ៊ីណម ត្រង់ជម្រាលខាងត្បូងភ្នំយេប៊ូស ចុះទៅអេន-រ៉ូកែល។
17. បន្ទាប់មក ព្រំប្រទល់បត់ទៅខាងជើងដល់អេន-សេម៉េស និងកេលីឡូត ដែលស្ថិតនៅទល់មុខនឹងច្រកភ្នំអាឌូមីម ហើយចុះទៅផ្ទាំងថ្មរបស់លោកបូហាន ជាកូនរបស់លោករូបេន។
18. ព្រំប្រទល់នេះកាត់តាមជម្រាលភ្នំខាងជើងដែលនៅជាប់តំបន់អារ៉ាបា ហើយចុះទៅក្នុងតំបន់អារ៉ាបានោះ
19. រួចបន្តទៅខាងជើងបេត-ហុកឡា រហូតដល់ខាងជើងឈូងសមុទ្រ គឺចុងខាងត្បូងបំផុតនៃទន្លេយ័រដាន់។ នេះហើយព្រំប្រទល់ខាងត្បូងរបស់គេ។