1. ក្រោយពីវាយយកទឹកដីបានហើយ សហគមន៍អ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅស៊ីឡូ ហើយដំឡើងព្រះពន្លាជួបព្រះអម្ចាស់នៅទីនោះ។
2. ក្នុងចំណោមជនជាតិអ៊ីស្រាអែល មានកុលសម្ព័ន្ធប្រាំពីរទៀតដែលពុំទាន់បានទទួលទឹកដីជាមត៌កនៅឡើយ។
3. លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «តើអ្នករាល់គ្នារង់ចាំដល់កាលណាទៀត ទើបទៅចាប់យកទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរស*របស់អ្នករាល់គ្នា ប្រទានឲ្យ?
4. ក្នុងកុលសម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់ពួកគេឲ្យទៅពិនិត្យមើលទឹកដី ដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មក ពួកគេត្រឡប់មកវិញ ហើយរាយការណ៍ឲ្យខ្ញុំដឹង។
5. ពួកគេនឹងចែកទឹកដីនោះជាប្រាំពីរចំណែក គឺកុលសម្ព័ន្ធយូដានឹងទៅរស់នៅលើទឹកដីរបស់គេ ក្នុងភូមិភាគខាងត្បូង ហើយក្រុមគ្រួសារលោកយ៉ូសែបទៅនៅលើទឹកដីរបស់គេក្នុងភូមិភាគខាងជើង។
6. ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
7. ប៉ុន្តែ កុលសម្ព័ន្ធលេវីនឹងមិនទទួលចំណែកជាទឹកដី ក្នុងចំណោមអ្នករាល់គ្នាទេ ព្រោះមុខងារជាបូជាចារ្យ*បម្រើព្រះអម្ចាស់ ជាចំណែកមត៌ករបស់ពួកគេ។ រីឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់រួចហើយ គឺជាមត៌កដែលលោកម៉ូសេ ជាអ្នកបម្រើព្រះអម្ចាស់ បានប្រគល់ឲ្យ»។
8. បុរសដែលលោកយ៉ូស្វេចាត់ឲ្យទៅស៊ើបការណ៍ នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែ មុននឹងចេញទៅ លោកយ៉ូស្វេបានផ្ដែផ្ដាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។
9. បុរសទាំងនោះចាកចេញទៅ ហើយធ្វើដំណើរពាសពេញស្រុក រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីក្រុងនានាទាំងប្រាំពីរចំណែកនោះ ហើយត្រឡប់មកជួបលោកយ៉ូស្វេនៅជំរំស៊ីឡូវិញ។