យ៉ូស្វេ 17:3-14 Khmer Standard Version (KHSV)

3. លោក​ស្លូផិ‌ហាត ជា​កូន​របស់​លោក​ហេភើរ ជា​ចៅ​របស់​លោក​កាឡាដ ជា​ចៅ‌ទួត​របស់​លោក​ម៉ាកៀរ ដែល​ជា​កូន​របស់​លោក​ម៉ាណា‌សេ គ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ គឺ​នាង​ម៉ាឡា នាង​ណូហា នាង​ហុកឡា នាង​មីលកា និង​ធើសា។

4. នាង​ទាំង​នោះ​បាន​ទៅ​ជួប​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​ប្រជា‌ជន ជម្រាប​ថា “ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ប្រគល់​ទឹក​ដី​មក​ពួក​នាង​ខ្ញុំ ទុក​ជា​មត៌ក ក្នុង​ចំណោម​ញាតិ‌សន្ដាន​ប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ”។ គេ​ក៏​ប្រគល់​ទឹក​ដី​ឲ្យ​ពួក​នាង​ទុក​ជា​មត៌ក​ក្នុង​ចំណោម​ញាតិ‌សន្ដាន​ប្រុសៗ​របស់​ឪពុក​នាង ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់។

5. ដូច្នេះ កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទទួល​ទឹក​ដី​ដប់​ចំណែក​ទៀត​ថែម​ពី​លើ​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់

6. ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ កូន​ចៅ​ស្រីៗ​ក៏​បាន​ទទួល​មត៌ក ក្នុង​ចំណោម​កូន​ចៅ​ប្រុសៗ​ដែរ។ រីឯ​ទឹក​ដី​ស្រុក​កាឡាដ​បាន​ទៅ​ជា​មត៌ក​របស់​កូន​ចៅ​ម៉ាណា‌សេ​ឯ​ទៀតៗ។

7. ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​លាត​សន្ធឹង​ពី​ស្រុក​អេ‌ស៊ើរ​ទៅ​ក្រុង​មីគ‌មេថា ដែល​នៅ​ទល់​មុខ​នឹង​ស៊ីគែម ហើយ​លាត​សន្ធឹង​ទៅ​ខាង​ត្បូង រហូត​ដល់​ទឹក​ដី​អ្នក​ស្រុក​អេន-‌តាពួរ។

8. ទឹក​ដី​ស្រុក​តាពួ​ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​ម៉ាណា‌សេ ប៉ុន្តែ ក្រុង​តាពួ​ដែល​ជាប់​នឹង​ព្រំ‌ប្រទល់​ម៉ាណា‌សេ ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​អេប្រាអ៊ីម

9. ទឹក​ដី​នេះ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ខាង​ត្បូង​ទឹក​ធ្លាក់​ខាណា។ រីឯ​ក្រុង​នានា​ដែល​នៅ​ខាង​ត្បូង​ទឹក​ធ្លាក់ ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ថ្វី‌ដ្បិត​តែ​ក្រុង​ទាំង​នោះ​ស្ថិត​នៅ​លើ​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​ដោយ។ ទឹក​ដី​របស់​ម៉ាណា‌សេ​នៅ​ខាង​ជើង​ទឹក​ធ្លាក់​លាត​សន្ធឹង​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។

10. ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។ សមុទ្រ​មេឌី‌ទែរ៉ាណេ​ជា​ព្រំ‌ប្រទល់​ខាង​លិច ស្រុក​អេ‌ស៊ើរ​ជា​ព្រំ‌ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសា‌ខារ​ជា​ព្រំ‌ប្រទល់​ខាង​កើត។

11. កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​មាន​ទឹក​ដី​នៅ​ក្នុង​ស្រុក​អ៊ីសា‌ខារ និង​ស្រុក​អេ‌ស៊ើរ​ដែរ គឺ​ក្រុង​បេត‌សាន និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​ដោរ ក្រុង​អេន-‌ដោរ ក្រុង​តាណាក់ ក្រុង​មេគី‌ដោ និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។

12. ប៉ុន្តែ កូន​ចៅ​ម៉ាណា‌សេ​ពុំ​អាច​បណ្ដេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​ក្រុង​ទាំង​នោះ​ទេ ជន‌ជាតិ​កាណាន​ប្ដេជ្ញា​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​ដដែល។

13. ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹង‌ប៉ឹង​មាំ‌មួន​ហើយ ពួក​គេ​បង្ខិត‌បង្ខំ​ជន‌ជាតិ​កាណាន​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្តេញ​ជន‌ជាតិ​នេះ​ចេញ​ពី​ស្រុក​ឡើយ។

14. កូន​ចៅ​របស់​លោក​យ៉ូសែប​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ជា​មត៌ក​ឲ្យ​យើង​ខ្ញុំ​តែ​មួយ​ចំណែក​ដូច្នេះ? យើង​ខ្ញុំ​មាន​គ្នា​ច្រើន ព្រោះ​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។

យ៉ូស្វេ 17