12. ប៉ុន្តែ កូនចៅម៉ាណាសេពុំអាចបណ្ដេញជនជាតិកាណានចេញពីក្រុងទាំងនោះទេ ជនជាតិកាណានប្ដេជ្ញាចិត្តរស់នៅក្នុងស្រុកនោះដដែល។
13. ពេលជនជាតិអ៊ីស្រាអែលបានរឹងប៉ឹងមាំមួនហើយ ពួកគេបង្ខិតបង្ខំជនជាតិកាណានឲ្យធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេពុំអាចបណ្តេញជនជាតិនេះចេញពីស្រុកឡើយ។
14. កូនចៅរបស់លោកយ៉ូសែបជម្រាបលោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីជាមត៌កឲ្យយើងខ្ញុំតែមួយចំណែកដូច្នេះ? យើងខ្ញុំមានគ្នាច្រើន ព្រោះព្រះអម្ចាស់ប្រទានពរឲ្យយើងខ្ញុំ រហូតមកទល់ពេលនេះ»។
15. លោកយ៉ូស្វេតបថា៖ «បើសិនជាបងប្អូនមានគ្នាច្រើនដូច្នេះ ហើយបើតំបន់ភ្នំអេប្រាអ៊ីមនេះចង្អៀតពេក ចូរឡើងទៅតំបន់ព្រៃ កាប់ឆ្ការយកដីមួយកន្លែងនៅក្នុងស្រុកពេរីស៊ីត និងស្រុករេផែមទៅ»។
16. កូនចៅរបស់លោកយ៉ូសែបតបទៅលោកវិញថា៖ «តំបន់ភ្នំនេះមិនល្មមគ្រប់គ្រាន់សម្រាប់យើងខ្ញុំទេ ហើយក្រៅពីនេះ ជនជាតិកាណាន ទាំងអ្នកដែលរស់នៅតំបន់វាលរាប ទាំងអ្នកនៅក្រុងបេតសាន និងភូមិជិតខាង ព្រមទាំងអស់អ្នកដែលរស់នៅតាមជ្រលងភ្នំយេសរាល សុទ្ធតែមានរទេះដែកទាំងអស់គ្នា»។
17. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេខាងលិចថា៖ «បងប្អូនមានគ្នាច្រើន ហើយក៏មានកម្លាំងខ្លាំងដែរ ដូច្នេះ បងប្អូនត្រូវទទួលទឹកដី លើសពីមួយចំណែក។