10. ដូច្នេះ ទឹកដីខាងត្បូង ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ហើយខាងជើងជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធម៉ាណាសេ។ សមុទ្រមេឌីទែរ៉ាណេជាព្រំប្រទល់ខាងលិច ស្រុកអេស៊ើរជាព្រំប្រទល់ខាងជើង ហើយស្រុកអ៊ីសាខារជាព្រំប្រទល់ខាងកើត។
11. កុលសម្ព័ន្ធម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងយីបលាម និងភូមិដែលនៅជុំវិញ ក្រុងដោរ ក្រុងអេន-ដោរ ក្រុងតាណាក់ ក្រុងមេគីដោ និងភូមិដែលនៅជុំវិញ ក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកដោរទាំងមូល។
12. ប៉ុន្តែ កូនចៅម៉ាណាសេពុំអាចបណ្ដេញជនជាតិកាណានចេញពីក្រុងទាំងនោះទេ ជនជាតិកាណានប្ដេជ្ញាចិត្តរស់នៅក្នុងស្រុកនោះដដែល។
13. ពេលជនជាតិអ៊ីស្រាអែលបានរឹងប៉ឹងមាំមួនហើយ ពួកគេបង្ខិតបង្ខំជនជាតិកាណានឲ្យធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេពុំអាចបណ្តេញជនជាតិនេះចេញពីស្រុកឡើយ។
14. កូនចៅរបស់លោកយ៉ូសែបជម្រាបលោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីជាមត៌កឲ្យយើងខ្ញុំតែមួយចំណែកដូច្នេះ? យើងខ្ញុំមានគ្នាច្រើន ព្រោះព្រះអម្ចាស់ប្រទានពរឲ្យយើងខ្ញុំ រហូតមកទល់ពេលនេះ»។
15. លោកយ៉ូស្វេតបថា៖ «បើសិនជាបងប្អូនមានគ្នាច្រើនដូច្នេះ ហើយបើតំបន់ភ្នំអេប្រាអ៊ីមនេះចង្អៀតពេក ចូរឡើងទៅតំបន់ព្រៃ កាប់ឆ្ការយកដីមួយកន្លែងនៅក្នុងស្រុកពេរីស៊ីត និងស្រុករេផែមទៅ»។
16. កូនចៅរបស់លោកយ៉ូសែបតបទៅលោកវិញថា៖ «តំបន់ភ្នំនេះមិនល្មមគ្រប់គ្រាន់សម្រាប់យើងខ្ញុំទេ ហើយក្រៅពីនេះ ជនជាតិកាណាន ទាំងអ្នកដែលរស់នៅតំបន់វាលរាប ទាំងអ្នកនៅក្រុងបេតសាន និងភូមិជិតខាង ព្រមទាំងអស់អ្នកដែលរស់នៅតាមជ្រលងភ្នំយេសរាល សុទ្ធតែមានរទេះដែកទាំងអស់គ្នា»។
17. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេខាងលិចថា៖ «បងប្អូនមានគ្នាច្រើន ហើយក៏មានកម្លាំងខ្លាំងដែរ ដូច្នេះ បងប្អូនត្រូវទទួលទឹកដី លើសពីមួយចំណែក។
18. បងប្អូននឹងទទួលតំបន់ភ្នំ ទោះបីមានសុទ្ធតែព្រៃក៏ដោយ។ បងប្អូនត្រូវឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិ ហើយត្រូវបណ្ដេញជនជាតិកាណានចេញទៅ ទោះបីពួកគេមានរទេះដែក និងមានកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយ»។