1. កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនច្បងរបស់លោកយ៉ូសែប ក៏បានទទួលទឹកដីមួយចំណែកដែរ។ លោកម៉ាកៀរ ជាកូនច្បងរបស់លោកម៉ាណាសេ និងជាឪពុករបស់លោកកាឡាដ បានទទួលទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដ្បិតគាត់ជាអ្នកចំបាំងមួយរូបដ៏ចំណាន។
2. រីឯកូនចៅឯទៀតៗរបស់លោកម៉ាណាសេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអបៀស៊ើរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាសរាល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភើរ និងកូនចៅរបស់លោកសេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ។