6. ឡើងរហូតទៅដល់បេត-ហុកឡា កាត់តាមខាងជើងបេតអារ៉ាបា ហើយឡើងទៅដល់ផ្ទាំងថ្មបូហាន។ លោកបូហានត្រូវជាកូនរបស់លោករូបេន។
7. ព្រំប្រទល់នេះក៏ឡើងទៅដល់ក្រុងដេបៀរ ដោយកាត់តាមជ្រលងភ្នំអាគ័រ រួចបែរទៅខាងជើងក្បែរគីលកាល់ ដែលនៅទល់មុខនឹងផ្លូវឡើងទៅអាឌូមីម ខាងត្បូងទឹកធ្លាក់។ បន្ទាប់មក ព្រំប្រទល់នេះឡើងទៅជិតប្រភពទឹកអេន-សេម៉េស ហើយទៅដល់អេន-រ៉ូកែល
8. រួចឡើងទៅដល់ជ្រលងភ្នំហ៊ិនុម ដែលនៅជម្រាលខាងត្បូងនៃក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹមឡើងរហូតទៅដល់កំពូលភ្នំ ដែលនៅខាងលិចជ្រលងភ្នំហ៊ីនុម និងនៅចុងខាងជើងជ្រលងភ្នំរេផែម។
9. ព្រំប្រទល់ចេញពីកំពូលភ្នំនោះ ឆៀងទៅរកប្រភពទឹកណិបតា ហើយបន្តទៅដល់ក្រុងនានានៃតំបន់ភ្នំអេប្រូន បត់ទៅតាមក្រុងបាឡា ពោលគឺក្រុងគារយ៉ាត-យារីម។
10. ពីបាឡា ព្រំប្រទល់នេះបត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជម្រាលខាងជើងនៃភ្នំយារីម ពោលគឺភ្នំកេសាឡូន ហើយចុះទៅដល់បេតសេម៉េស ដោយកាត់តាមធីមណា
11. រួចទៅដល់ខាងជើងជម្រាលភ្នំអេក្រូន បត់ទៅរកស៊ីក្រូន កាត់តាមភ្នំបាឡា រហូតទៅដល់យ៉ាប់នាល និងសមុទ្រមេឌីទែរ៉ាណេ។
12. រីឯព្រំប្រទល់ខាងលិចគឺសមុទ្រមេឌីទែរ៉ាណេ និងតំបន់ឆ្នេរសមុទ្រ។ នេះហើយជាព្រំប្រទល់ជុំវិញទឹកដីរបស់កូនចៅយូដា តាមអំបូររបស់គេ។
13. រីឯលោកកាលែបជាកូនរបស់លោកយេភូនេវិញ គេបានចែកទឹកដីមួយចំណែកក្នុងចំណោមជនជាតិយូដាជូនលោក ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បានបង្គាប់មកលោកយ៉ូស្វេ។ ទឹកដីនោះគឺក្រុងហេប្រូន ដែលពីដើមមានឈ្មោះថា គារយ៉ាត-អើបា -លោកអើបាត្រូវជាឪពុករបស់លោកអណាក់។
14. លោកកាលែបបានដណ្ដើមយកទឹកដីនោះពីពូជពង្សទាំងបីរបស់លោកអណាក់ គឺអំបូរសេសាយអំបូរអហ៊ីម៉ាន និងអំបូរតាលម៉ាយ។
15. បន្ទាប់មក លោកបានឡើងពីទីនោះទៅវាយលុកអ្នកក្រុងដេបៀរ។ កាលពីដើម ក្រុងដេបៀរនេះមានឈ្មោះថាគារយ៉ាត-សេភើរ។
16. លោកកាលែបមានប្រសាសន៍ថា៖ «អ្នកណាវាយយកក្រុងគារយ៉ាត-សេភើរបាន ខ្ញុំនឹងលើកនាងអាក់សា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។
17. លោកអូធ្នាល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។