1. ជនជាតិអ៊ីស្រាអែលបានទទួលទឹកដីស្រុកកាណាន ដែលលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានា បែងចែកឲ្យជាមត៌កដូចតទៅនេះ
2. គឺកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀតបានទទួលទឹកដីជាមត៌កដោយចាប់ឆ្នោត ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ
3. ដ្បិតកាលពីមុន លោកម៉ូសេចែកទឹកដីឲ្យកុលសម្ព័ន្ធពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែលោកពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ដូចកុលសម្ព័ន្ធឯទៀតៗទេ។
4. គេចាត់ទុកកូនចៅលោកយ៉ូសែបជាកុលសម្ព័ន្ធពីរ គឺម៉ាណាសេ និងអេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធលេវីពុំបានទទួលទឹកដីទេ គឺពួកគេទទួលតែកន្លែងសម្រាប់ស្នាក់អាស្រ័យនៅតាមក្រុងនានា ព្រមទាំងដីធ្លីសម្រាប់សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។
5. ជនជាតិអ៊ីស្រាអែលនាំគ្នាបែងចែកស្រុកនោះ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។
6. កូនចៅយូដាបាននាំគ្នាមកជួបលោកយ៉ូស្វេ នៅគីលកាល់។ ពេលនោះ លោកកាលែប ជាកូនរបស់លោកយេភូនេ ក្នុងអំបូរកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបស្រាប់ហើយនូវព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នៅស្រុកកាដេស-បារនា ស្ដីអំពីយើងទាំងពីរ គឺលោក និងខ្ញុំ។
7. កាលនោះ ខ្ញុំមានអាយុសែសិបឆ្នាំ លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចាត់ខ្ញុំពីកាដេស-បារនាឲ្យមកស៊ើបការណ៍នៅស្រុកនេះ។ ខ្ញុំក៏បានធ្វើសេចក្ដីរាយការណ៍ជូនទៅលោកវិញ ដោយស្មោះត្រង់។
8. បងប្អូនដែលបានឡើងមកស៊ើបការណ៍ជាមួយខ្ញុំ នាំគ្នាធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត។ ចំណែកឯខ្ញុំវិញ ខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។
9. នៅថ្ងៃនោះ លោកម៉ូសេបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយខ្ញុំថា កូនចៅរបស់ខ្ញុំ ព្រមទាំងខ្ញុំ នឹងទទួលទឹកដីដែលខ្ញុំឈានជើងជាន់នេះទុកជាមត៌ករហូតតទៅ ព្រោះខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។
10. ព្រះអម្ចាស់មានព្រះបន្ទូលនេះមកលោកម៉ូសេកាលពីសែសិបប្រាំឆ្នាំមុន គឺនៅគ្រាដែលជនជាតិអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថាន។ ព្រះអម្ចាស់បានទុកជីវិតឲ្យខ្ញុំនៅរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ ឥឡូវនេះ ខ្ញុំមានអាយុប៉ែតសិបប្រាំឆ្នាំហើយ។