15. លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធរូបេន ទៅតាមអំបូររៀងៗខ្លួន។
16. ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបទាំងមូលនៅជិតមេដេបា
17. ក្រុងហេសបូន និងក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូត-បាល ក្រុងបេតបាលមេយ៉ូន
18. ក្រុងយ៉ាហាស ក្រុងកេដេមូត ក្រុងមេផាត
19. ក្រុងគារយ៉ាថែម ក្រុងស៊ីបម៉ា ក្រុងសេរេត-ហាសាកា ដែលស្ថិតនៅលើភ្នំជាប់នឹងវាលទំនាប
20. ក្រុងបេតពេអ៊រ ជម្រាលភ្នំពីសកា ក្រុងបេតយេស៊ីម៉ុត
21. ក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប អាណាចក្រទាំងមូលរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន។ លោកម៉ូសេបានវាយប្រហារព្រះបាទស៊ីហុន ព្រមទាំងស្ដេចឯទៀតៗ ដែលជាចំណុះរបស់ព្រះបាទស៊ីហុន គឺមានស្ដេចរបស់ជនជាតិម៉ាឌាន ជនជាតិអេវី ជនជាតិរេគែម ជនជាតិស៊ើរ ជនជាតិហ៊ើរ និងជនជាតិរេបា ដែលរស់នៅក្នុងស្រុកនោះ។
22. ក្នុងចំណោមអស់អ្នកដែលជនជាតិអ៊ីស្រាអែលបានសម្លាប់ មានលោកបាឡាមជាគ្រូទាយ ដែលត្រូវជាកូនរបស់លោកបេអ៊រ។
23. ព្រំប្រទល់ខាងលិចនៃទឹកដីរបស់កុលសម្ព័ន្ធរូបេន គឺទន្លេយ័រដាន់។ នេះជាមត៌ករបស់កុលសម្ព័ន្ធរូបេន តាមអំបូរ និងស្រុកភូមិរបស់គេ។
24. លោកម៉ូសេក៏បានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេដែរ។
25. ពួកគេទទួលបានទឹកដីស្រុកយ៉ាស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងពាក់កណ្ដាលស្រុកអាំម៉ូន រហូតដល់អារ៉ូអើរ ដែលនៅខាងមុខក្រុងរ៉ាបាត។
26. ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងហេសបូន រហូតដល់ក្រុងរ៉ាម៉ាត-មីសប៉េ និងក្រុងបេថូនីម ហើយចាប់តាំងពីក្រុងម៉ាហាណែមរហូតដល់ព្រំប្រទល់ស្រុកដេបៀរ។
27. នៅក្នុងជ្រលងភ្នំ ទឹកដីរបស់គេមានក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ព្រះបាទស៊ីហុន ជាស្ដេចនៅក្រុងហេសបូន។ ទឹកដីនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ ដែលជាព្រំប្រទល់ ព្រមទាំងស្រុកភូមិនៅជុំវិញ រហូតដល់ចុងសមុទ្រគេនេសារ៉ែត។
28. នេះជាមត៌ករបស់កុលសម្ព័ន្ធកាដ តាមអំបូរ និងស្រុកភូមិរបស់គេ។
29. លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទៅតាមអំបូររបស់គេ។
30. ទឹកដីនោះលាតសន្ធឹងចាប់តាំងពីស្រុកម៉ាហាណែម ស្រុកបាសាន ជាអាណាចក្រទាំងមូលរបស់ព្រះបាទអុក ស្ដេចស្រុកបាសាន ព្រមទាំងភូមិហុកសិបនៅយ៉ាអៀរ ក្នុងស្រុកបាសាន
31. ពាក់កណ្ដាលស្រុកកាឡាដ ក្រុងអាសថារ៉ូត និងក្រុងអេទ្រី ជារាជធានីរបស់ព្រះបាទអុក នៅស្រុកបាសាន។ លោកម៉ូសេបានប្រគល់ទឹកដីទាំងនោះ ឲ្យពូជអំបូរពាក់កណ្ដាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ។
32. នេះហើយជាទឹកដីដែលលោកម៉ូសេបានប្រគល់ឲ្យពួកគេ ទុកជាមត៌ក នៅខាងកើតក្រុងយេរីខូ និងត្រើយខាងកើតទន្លេយ័រដាន់ គឺនៅវាលរាបស្រុកម៉ូអាប់។