14. មានតែកុលសម្ព័ន្ធលេវីប៉ុណ្ណោះដែលពុំបានទទួលទឹកដីជាមត៌ក ព្រោះពួកគេទទួលតង្វាយដុត ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ នេះហើយជាមត៌ករបស់ពួកគេ ដូចព្រះអង្គបានបង្គាប់មកពួកគេ។
15. លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធរូបេន ទៅតាមអំបូររៀងៗខ្លួន។
16. ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបទាំងមូលនៅជិតមេដេបា
17. ក្រុងហេសបូន និងក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូត-បាល ក្រុងបេតបាលមេយ៉ូន
18. ក្រុងយ៉ាហាស ក្រុងកេដេមូត ក្រុងមេផាត
19. ក្រុងគារយ៉ាថែម ក្រុងស៊ីបម៉ា ក្រុងសេរេត-ហាសាកា ដែលស្ថិតនៅលើភ្នំជាប់នឹងវាលទំនាប
20. ក្រុងបេតពេអ៊រ ជម្រាលភ្នំពីសកា ក្រុងបេតយេស៊ីម៉ុត
21. ក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប អាណាចក្រទាំងមូលរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន។ លោកម៉ូសេបានវាយប្រហារព្រះបាទស៊ីហុន ព្រមទាំងស្ដេចឯទៀតៗ ដែលជាចំណុះរបស់ព្រះបាទស៊ីហុន គឺមានស្ដេចរបស់ជនជាតិម៉ាឌាន ជនជាតិអេវី ជនជាតិរេគែម ជនជាតិស៊ើរ ជនជាតិហ៊ើរ និងជនជាតិរេបា ដែលរស់នៅក្នុងស្រុកនោះ។
22. ក្នុងចំណោមអស់អ្នកដែលជនជាតិអ៊ីស្រាអែលបានសម្លាប់ មានលោកបាឡាមជាគ្រូទាយ ដែលត្រូវជាកូនរបស់លោកបេអ៊រ។
23. ព្រំប្រទល់ខាងលិចនៃទឹកដីរបស់កុលសម្ព័ន្ធរូបេន គឺទន្លេយ័រដាន់។ នេះជាមត៌ករបស់កុលសម្ព័ន្ធរូបេន តាមអំបូរ និងស្រុកភូមិរបស់គេ។