1. នៅគ្រានោះ លោកយ៉ូស្វេមានវ័យចាស់ជរាណាស់ហើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកមានវ័យចាស់ជរាណាស់ហើយ រីឯទឹកដីដែលត្រូវវាយយក ក៏នៅសល់ច្រើនណាស់ដែរ។
2. ទឹកដីដែលមិនទាន់យកបាន គឺស្រុកភីលីស្ទីនទាំងមូល និងស្រុកកេស៊ូរីទាំងមូល
3. ពោលគឺទឹកដីដែលចាត់ទុកថាជាទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីទឹកធ្លាក់ស៊ីហោ នៅព្រំប្រទល់ស្រុកអេស៊ីប រហូតដល់តំបន់អេក្រូននៅទិសខាងជើង។ នៅលើទឹកដីនោះ មាននគរប្រាំរបស់ជនជាតិភីលីស្ទីន ដែលមានរាជធានីនៅក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រូន។ ជនជាតិអាវីមក៏រស់នៅលើទឹកដីដែរ។
4. នៅខាងត្បូង មានស្រុកកាណានទាំងមូល និងក្រុងមារ៉ា ដែលជាកម្មសិទ្ធិរបស់ជនជាតិស៊ីដូន រហូតទៅដល់ក្រុងអាផែក និងព្រំប្រទល់ស្រុកអាម៉ូរី
5. ស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ច្រកហាម៉ាត់។
6. ក្នុងនោះក៏មានទឹកដីទាំងប៉ុន្មានរបស់ជនជាតិស៊ីដូន ដែលរស់នៅតាមតំបន់ភ្នំ គឺចាប់តាំងពីភ្នំលីបង់រហូតដល់ក្រុងមីសរិផូត-ម៉ែមដែរ។ យើងនឹងបណ្ដេញជនជាតិទាំងនោះ ចេញពីមុខជនជាតិអ៊ីស្រាអែល។ ត្រូវបែងចែកទឹកដីនោះដល់ជនជាតិអ៊ីស្រាអែល ដូចយើងបានបង្គាប់ដល់អ្នកស្រាប់ហើយ។
7. ឥឡូវនេះ ចូរបែងចែកទឹកដីកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាមត៌កទៅ»។
8. កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត បានទទួលទឹកដីពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ ទុកជាមត៌ករួចស្រេចទៅហើយ គឺនៅត្រើយខាងកើតទន្លេយ័រដាន់។
9. ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងចាប់តាំងពីទីក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ ព្រមទាំងខ្ពង់រាបមេដេបាទាំងមូល រហូតដល់ក្រុងឌីបូន។
10. ទឹកដីនោះលាតសន្ធឹងរហូតដល់ព្រំប្រទល់នៃស្រុករបស់ជនជាតិអាំម៉ូន ពោលគឺក្រុងទាំងប៉ុន្មានរបស់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី ដែលសោយរាជ្យនៅក្រុងហេសបូន
11. និងស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ព្រមទាំងតំបន់ភ្នំហ៊ើរម៉ូនទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាលកា