8. ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
9. លោកយ៉ូស្វេបានប្រព្រឹត្តចំពោះពួកគេ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺលោកកាប់សរសៃជើងសេះ និងដុតរទេះចំបាំងរបស់ពួកគេចោល។
10. ពេលនោះ លោកយ៉ូស្វេវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាសោរ ព្រមទាំងប្រហារស្ដេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាសោរជារាជធានីនៃអាណាចក្រទាំងនោះ។
11. កងទ័ពអ៊ីស្រាអែលប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាសោរចោលដែរ។
12. លោកយ៉ូស្វេវាយយកក្រុងទាំងអស់ និងចាប់ស្ដេចទាំងប៉ុន្មានរបស់គេផង។ លោកប្រហារជីវិតពួកគេទាំងអស់គ្នាដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ ស្របតាមបញ្ជារបស់លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់។
13. ជនជាតិអ៊ីស្រាអែលមិនបានដុតបំផ្លាញចោលក្រុងនានាដែលស្ថិតនៅលើភ្នំទេ លើកលែងតែក្រុងហាសោរមួយប៉ុណ្ណោះ ដែលលោកយ៉ូស្វេបានដុតចោល។
14. ជនជាតិអ៊ីស្រាអែលបានរឹបអូសយកសម្បត្តិទ្រព្យ និងហ្វូងសត្វរបស់ក្រុងទាំងនោះ ទុកជាជយភ័ណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
15. ព្រះអម្ចាស់បង្គាប់មកលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងណា លោកម៉ូសេក៏បានបង្គាប់មកលោកយ៉ូស្វេយ៉ាងនោះដែរ ហើយលោកយ៉ូស្វេធ្វើតាម គឺលោកប្រព្រឹត្តតាមសេចក្ដីទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានធ្វេសប្រហែសត្រង់ណាឡើយ។
16. លោកយ៉ូស្វេយកបានស្រុកនោះទាំងមូល គឺតំបន់ភ្នំ តំបន់ណេកិបទាំងមូល ស្រុកកូសែនទាំងមូល តំបន់វាលទំនាប តំបន់អារ៉ាបា ព្រមទាំងតំបន់ភ្នំស្រុកអ៊ីស្រាអែល និងវាលទំនាបនៃតំបន់នោះ។
17. លោកវាយឈ្នះ និងប្រហារជីវិតស្ដេចទាំងប៉ុន្មាននៃដែនដី ដែលស្ថិតនៅចន្លោះភ្នំហាឡាក់ ជិតស្រុកសៀរ និងក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ ជិតជើងភ្នំហ៊ើរម៉ូន។
18. លោកយ៉ូស្វេធ្វើសង្គ្រាមជាមួយស្ដេចទាំងនោះអស់រយៈពេលយ៉ាងយូរ។
19. គ្មានក្រុងណាមួយសុំសន្តិភាពពីជនជាតិអ៊ីស្រាអែលទេ លើកលែងតែជនជាតិហេវី ដែលរស់នៅក្រុងគីបៀនប៉ុណ្ណោះ។ រីឯក្រុងដទៃទៀត ជនជាតិអ៊ីស្រាអែលយកបាន ដោយប្រើកម្លាំងអាវុធទាំងអស់។