1. កាលព្រះបាទយ៉ាប៊ីន ជាស្ដេចក្រុងហាសោរ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្ដេចផ្ញើរាជសារទៅព្រះបាទយ៉ូបាប់ ជាស្ដេចក្រុងម៉ាដូន ទៅស្ដេចក្រុងស៊ីមរ៉ូន និងទៅស្ដេចក្រុងអាសាប
2. ព្រមទាំងស្ដេចនានានៅខាងជើងក្នុងតំបន់ភ្នំ តំបន់អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។
3. ស្ដេចក៏បានផ្ញើរាជសារទៅជនជាតិកាណាន នៅខាងកើត និងខាងលិចទន្លេយ័រដាន់ ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូស នៅតំបន់ភ្នំ និងជនជាតិហេវីនៅតំបន់ជើងភ្នំហ៊ើរម៉ូន ក្នុងស្រុកមីសប៉ា។
4. ស្ដេចទាំងនោះបានលើករេហ៍៍ពលចេញមកផ្ដុំគ្នា ជាកងទ័ពមួយយ៉ាងធំ មានគ្នាច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយក៏មានទ័ពសេះ និងរទេះចំបាំងយ៉ាងច្រើនអនេកដែរ។
5. ស្ដេចទាំងនោះបានព្រមព្រៀងពួតដៃគ្នា ហើយបោះទ័ពនៅត្រង់ជ្រោះមេរ៉ូម ដើម្បីវាយលុកអ៊ីស្រាអែល។
6. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់ឲ្យមកស្លាប់ ក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចំបាំងរបស់គេចោលទៅ»។
7. លោកយ៉ូស្វេ និងពលទាហានទាំងប៉ុន្មានរបស់លោក បានវាយឆ្មក់សត្រូវនៅក្បែរជ្រោះមេរ៉ូម។
8. ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
9. លោកយ៉ូស្វេបានប្រព្រឹត្តចំពោះពួកគេ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺលោកកាប់សរសៃជើងសេះ និងដុតរទេះចំបាំងរបស់ពួកគេចោល។
10. ពេលនោះ លោកយ៉ូស្វេវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាសោរ ព្រមទាំងប្រហារស្ដេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាសោរជារាជធានីនៃអាណាចក្រទាំងនោះ។
11. កងទ័ពអ៊ីស្រាអែលប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាសោរចោលដែរ។
12. លោកយ៉ូស្វេវាយយកក្រុងទាំងអស់ និងចាប់ស្ដេចទាំងប៉ុន្មានរបស់គេផង។ លោកប្រហារជីវិតពួកគេទាំងអស់គ្នាដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ ស្របតាមបញ្ជារបស់លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់។
13. ជនជាតិអ៊ីស្រាអែលមិនបានដុតបំផ្លាញចោលក្រុងនានាដែលស្ថិតនៅលើភ្នំទេ លើកលែងតែក្រុងហាសោរមួយប៉ុណ្ណោះ ដែលលោកយ៉ូស្វេបានដុតចោល។