35. នៅថ្ងៃដដែល ពួកគេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។
36. លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ឡើងពីក្រុងអេក្លូន ឆ្ពោះទៅក្រុងហេប្រូន ហើយវាយលុកក្រុងនោះ។
37. គេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុង និងស្ដេច ព្រមទាំងមនុស្សម្នាដែលរស់នៅតាមភូមិនានានៅជាយក្រុងនោះផងដែរ។ លោកយ៉ូស្វេបានបំផ្លាញក្រុងនោះទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺលោកប្រព្រឹត្តចំពោះពួកគេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លូនដែរ។
38. លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ងាកទៅរកក្រុងដេបៀរ ហើយវាយលុកក្រុងនោះ។
39. លោកវាយយកក្រុងនោះ ហើយចាប់បានស្ដេច ព្រមទាំងដណ្ដើមយកភូមិនានាដែលនៅជាប់នឹងក្រុងនោះផង។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតមនុស្សទាំងអស់ដែលរស់នៅទីនោះដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងដេបៀរ ព្រមទាំងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រូន និងក្រុងលីបណា ព្រមទាំងស្ដេចរបស់គេដែរ។
40. លោកយ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិប តំបន់វាលទំនាប និងតំបន់ជម្រាលភ្នំ ព្រមទាំងប្រហារជីវិតស្ដេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។
41. លោកយ៉ូស្វេវាយលុកចាប់តាំងពីកេដេស-បារនារហូតដល់ក្រុងកាសា និងចាប់ពីតំបន់កូសែនទាំងមូលរហូតដល់ក្រុងគីបៀន។
42. លោកយ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្ដេចរបស់គេក្នុងគ្រាតែមួយ ព្រោះព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល រួមប្រយុទ្ធជាមួយអ៊ីស្រាអែល។
43. បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល វិលត្រឡប់មកជំរំនៅគីលកាល់វិញ។