30. ព្រះអម្ចាស់ក៏បានប្រគល់ក្រុងលីបណា និងស្ដេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលដែរ។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់ឲ្យរួចជីវិតទេ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះស្ដេចក្រុងលីបណា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
31. បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុង ដើម្បីវាយលុកក្រុងនោះ។
32. ព្រះអម្ចាស់បានប្រគល់ក្រុងឡាគីសមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលវាយយកក្រុងនោះបាននៅថ្ងៃទីពីរ ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលីបណាដែរ។
33. ពេលនោះ ព្រះបាទហោរ៉ាម ជាស្ដេចក្រុងកេស៊ើរ បានឡើងទៅជួយក្រុងឡាគីស ប៉ុន្តែ លោកយ៉ូស្វេវាយប្រហារទាំងស្ដេច ទាំងប្រជាជនរបស់ស្ដេចនោះ ឥតទុកឲ្យអ្នកណាម្នាក់រួចជីវិតឡើយ។
34. បន្ទាប់មកទៀត លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងឡាគីសឆ្ពោះទៅក្រុងអេក្លូន ហើយបោះទ័ពនៅមុខក្រុង ដើម្បីវាយលុកក្រុងនោះ។
35. នៅថ្ងៃដដែល ពួកគេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។
36. លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ឡើងពីក្រុងអេក្លូន ឆ្ពោះទៅក្រុងហេប្រូន ហើយវាយលុកក្រុងនោះ។