15. រហូតដល់ព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសម្រាកដូចអ្នករាល់គ្នាដែរ ហើយឲ្យពួកគេកាន់កាប់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យពួកគេ។ បន្ទាប់មក អ្នករាល់គ្នានឹងត្រឡប់មកកាន់កាប់ស្រុក ដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាវិញ គឺស្រុកដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់»។
16. ពួកគេឆ្លើយទៅលោកយ៉ូស្វេថា៖ «អ្វីៗទាំងប៉ុន្មានដែលលោកបង្គាប់មកយើងខ្ញុំ យើងខ្ញុំនឹងគោរពធ្វើតាមទាំងអស់។ លោកចាត់យើងខ្ញុំឲ្យទៅទីណា យើងខ្ញុំនឹងទៅទីនោះ។
17. យើងខ្ញុំធ្លាប់ស្ដាប់បង្គាប់លោកម៉ូសេសព្វគ្រប់យ៉ាងណា យើងក៏ស្ដាប់បង្គាប់លោកយ៉ាងនោះដែរ។ សូមព្រះអម្ចាស់ជាព្រះរបស់លោកគង់នៅជាមួយលោក ដូចព្រះអង្គបានគង់នៅជាមួយលោកម៉ូសេដែរ។
18. ប្រសិនបើអ្នកណាម្នាក់ប្រឆាំងនឹងបញ្ជារបស់លោក ហើយមិនព្រមធ្វើតាមបញ្ជារបស់លោកទេ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯលោកវិញ សូមមានកម្លាំង និងចិត្តក្លាហានឡើង»។