2. «អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះតើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត?អ្នកចូលចិត្តជជែកតវ៉ាជាមួយព្រះជាម្ចាស់ដូច្នេះតើអ្នកមានចម្លើយឬទេ?»។
3. លោកយ៉ូបទូលព្រះអម្ចាស់ថា៖
4. «ទូលបង្គំជាមនុស្សទន់ទាបណាស់តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញដូចម្ដេចបាន?ទូលបង្គំនឹងយកដៃខ្ទប់មាត់។
5. ទូលបង្គំបាននិយាយម្ដងរួចមកហើយទូលបង្គំមិននិយាយទៀតទេហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។
6. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖
7. «ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់អាចយើងនឹងសួរអ្នកហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
8. តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ហើយអ្នកចង់ថ្កោលទោសយើងដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
9. តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់ហើយមានសំឡេងដូចផ្គរលាន់ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ?
10. តើអ្នកមានភាពថ្កុំថ្កើង និងភាពឧត្តុង្គឧត្ដមហើយពោរពេញទៅពន្លឺរស្មីដ៏រុងរឿងដូចព្រះជាម្ចាស់ឬ?
11. ចូរក្រឡេកមើលមនុស្សមានអំនួតហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេនិងបន្ទាបពួកគេទាំងអស់គ្នាទៅ។
12. ចូរក្រឡេកមើលមនុស្សមានអំនួតហើយបន្ថោកពួកគេទាំងអស់គ្នា!ចូរជាន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងទៅ។
13. ចូរយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នាចូរឃុំពួកគេទុកក្នុងរណ្ដៅងងឹត។
14. ពេលនោះ យើងនឹងលើកតម្កើងអ្នកដ្បិតអ្នកបានទទួលជោគជ័យដោយឫទ្ធិបារមីរបស់អ្នកផ្ទាល់។
15. ចូរមើលទៅសត្វដំរីទឹកដែលយើងបានបង្កើតមកដូចជាអ្នកដែរវាស៊ីស្មៅដូចគោ
16. កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះសន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វា
17. កន្ទុយរបស់វារឹងដូចដើមតាត្រៅសរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នា
18. ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិនហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។
19. វាជាស្នាព្រះហស្ដដ៏វិសេសរបស់ព្រះជាម្ចាស់មានតែព្រះដែលបង្កើតវាទេដែលអាចបង្ក្រាបវាបាន។
20. វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែលសត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។
21. វាដេកនៅក្រោមស្លឹកឈូកហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។
22. ម្លប់ស្លឹកឈូកបាំងលើវាដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។