1. ពពែព្រៃមានកូននៅពេលណាតើអ្នកដឹងឬទេ?តើអ្នកដែលសង្កេតឃើញក្ដាន់ញីបង្កើតកូនឬទេ?
2. តើអ្នកបានរាប់ចំនួនខែដែលវាផើមហើយដឹងពេលដែលវាត្រូវបង្កើតកូនឬទេ?
3. វាក្រាបចុះ រួចបង្កើតកូនចេញមកហើយបាត់ការឈឺចាប់។
4. កូនរបស់វាក៏មានកម្លាំងមាំមួនហើយចម្រើនធំឡើងនៅតាមទីវាលរួចចាកចេញពីមេវាទៅឥតវិលត្រឡប់មកវិញឡើយ។
5. តើនរណាផ្ដល់សេរីភាពឲ្យលាព្រៃដោយស្រាយចំណងរបស់វា?
6. យើងបានឲ្យវារស់នៅតាមព្រៃល្បោះដីដែលមានជាតិប្រៃជាលំនៅរបស់វា។
7. វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរហើយក៏មិនដែលឮសំឡេងម្ចាស់ណាស្រែកដាក់វាដែរ។
8. វារកស៊ីនៅតាមដងភ្នំវាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណី។
9. តើគោព្រៃចូលចិត្តធ្វើការបម្រើអ្នកហើយចង់ដេកនៅក្នុងក្រោលគោរបស់អ្នកឬទេ?
10. តើអ្នកអាចយកខ្សែមកចងគោព្រៃបង្ខំវាឲ្យភ្ជួរស្រែបានឬទេ?តើវាសុខចិត្តអូសរនាស់ឲ្យអ្នកនៅតាមជ្រលងភ្នំឬទេ?
11. តើអ្នកអាចទុកចិត្តវាព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លាហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មានរបស់អ្នកឬទេ?
12. តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវយកទៅលានបោកបែនហើយនាំភោគផលទៅដាក់ជង្រុកបានឬទេ?
13. សត្វអូទ្រុសទទះស្លាបយ៉ាងសង្ហាក៏ប៉ុន្តែ តើវាអាចហើរដូចសត្វកុកបានឬ?
14. វាពងចោលនៅលើដីហើយបង្កប់ពងនោះឲ្យក្ដៅនៅក្នុងខ្សាច់
15. ដោយពុំនឹកស្មានថា គេអាចដើរពីលើឬមានសត្វព្រៃមកជាន់កម្ទេចឡើយ។
16. វាតឹងតែងជាមួយកូនរបស់វាធ្វើហាក់ដូចជាមិនមែនកូនរបស់វា។វាខំប្រឹងពង ទោះបីមិនបានការក៏វាមិនខ្វល់ខ្វាយអ្វីដែរ
17. ដ្បិតព្រះជាម្ចាស់បានធ្វើឲ្យវាខ្វះប្រាជ្ញាហើយគ្មានគំនិតយោបល់។
18. ប៉ុន្តែ ពេលវាក្រោកឡើង រត់បោះពួយទៅមុខនោះសេះ និងអ្នកជិះសេះពុំអាចដេញតាមវាទាន់ឡើយ។