12. ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទីស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវាឲ្យទៅសព្វទីកន្លែងនៅលើផែនដី។
13. ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្សនៅលើផែនដី ឬសម្តែងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
14. លោកយ៉ូបអើយសូមត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះសូមនៅស្ងៀម ហើយរិះគិតអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!
15. សូមលោកសង្កេតឲ្យច្បាស់ថាតើព្រះជាម្ចាស់បញ្ជាធម្មជាតិទាំងនោះនិងបញ្ចេញផ្លេកបន្ទោរពីពពករបស់ព្រះអង្គតាមរបៀបណា?
16. តើលោកដឹងឬទេថា ពពករក្សាលំនឹងនៅក្នុងអាកាសវេហាស៍ ដោយរបៀបណា?ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះទើបសម្រេចការអស្ចារ្យបែបនេះបាន។
17. ពេលធាតុអាកាសហប់ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូងនោះលោកក៏ក្ដៅស្អុះស្អាប់ទៅហើយ
18. ដូច្នេះ តើលោកអាចជួយព្រះជាម្ចាស់ដើម្បីលាតសន្ធឹងអាកាសវេហាស៍ដែលរឹងដូចកញ្ចក់ដ៏ភ្លឺរលើបបានដែរឬ?
19. សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែលយើងត្រូវទូលព្រះអង្គផងយើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេព្រោះយើងជាមនុស្សល្ងិតល្ងង់។
20. ខ្ញុំមិនចង់និយាយទៅកាន់ព្រះអង្គទេដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យព្រះអង្គបំផ្លាញខ្ញុំ។
21. រំពេចនោះ គេមិនអាចមើលឃើញពន្លឺទៀតទេព្រោះព្រះអាទិត្យលាក់ខ្លួននៅពីក្រោយពពកហើយមានខ្យល់បក់មកធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ។
22. មានពន្លឺពណ៌មាសចេញមកពីទិសខាងជើងព័ទ្ធជុំវិញព្រះជាម្ចាស់ដ៏ថ្កុំថ្កើងនិងគួរឲ្យស្ញែងខ្លាចណាស់។
23. យើងមិនអាចចូលទៅជិតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឡើយព្រះអង្គជាព្រះដ៏ឧត្ដម ដោយសារព្រះចេស្ដាព្រះអង្គប្រកបដោយយុត្តិធម៌ហើយសុចរិតបំផុតព្រះអង្គមិនបំពានលើនរណាឡើយ!
24. ហេតុនេះហើយបានជាមនុស្សលោកត្រូវគោរពកោតខ្លាចព្រះអង្គ។ព្រះអង្គមិនរវីរវល់នឹងអ្នកដែលតាំងខ្លួនជាមនុស្សមានប្រាជ្ញាឡើយ»។