1. ពេលនោះ ខ្ញុំញ័ររន្ធត់ជាខ្លាំងស្ទើរតែគាំងបេះដូង។
2. ចូរនាំគ្នាស្ដាប់ចុះចូរនាំគ្នាស្ដាប់ព្រះសូរសៀងដែលលាន់ឮគគ្រឹកគគ្រេងគឺសំឡេងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ
3. ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់ទីដាច់ស្រយាលនៃផែនដី។
4. បន្ទាប់មក ព្រះសូរសៀងដ៏រំពងរបស់ព្រះអង្គលាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿងហើយពេលព្រះអង្គបន្លឺព្រះសូរសៀងនោះព្រះអង្គបណ្ដោយឲ្យផ្លេកបន្ទោរជះពន្លឺដ៏ព្រោងព្រាត។
5. ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដ៏គួរស្ញប់ស្ញែងព្រះអង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុតដែលយើងពុំអាចស្វែងយល់បាន។
6. ព្រះអង្គបង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដីព្រះអង្គបង្គាប់ឲ្យភ្លៀងទាំងមេៗបង្អុរចុះមក។
7. ពេលនោះ ព្រះអង្គបញ្ឈប់សកម្មភាពរបស់មនុស្សទាំងអស់ដើម្បីឲ្យគេទទួលស្គាល់ស្នាព្រះហស្ដរបស់ព្រះអង្គ។
8. សត្វព្រៃនាំគ្នារត់ទៅរកជម្រកហើយសំងំនៅក្នុងរូងរបស់វា។
9. ខ្យល់កួចបក់មកពីទិសខាងត្បូងហើយខ្យល់ត្រជាក់បក់មកពីទិសខាងជើង។
10. ដោយសារខ្យល់របស់ព្រះជាម្ចាស់ទឹកប្រែជាកក ហើយផ្ទៃទឹកប្រែជារឹង។
11. ព្រះអង្គធ្វើឲ្យមានចំហាយនៅក្នុងពពកព្រមទាំងឲ្យពពកនោះជះពន្លឺដ៏ភ្លឺផ្លេក។
12. ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទីស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវាឲ្យទៅសព្វទីកន្លែងនៅលើផែនដី។
13. ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្សនៅលើផែនដី ឬសម្តែងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។