1. លោកអេលីហ៊ូវមានប្រសាសន៍ទៀតថា៖
2. «សូមរង់ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យលោកដឹងដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវថ្លែងក្នុងនាមព្រះជាម្ចាស់។
3. ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូនហើយខ្ញុំនឹងបង្ហាញឲ្យលោកឃើញថាព្រះដែលបង្កើតខ្ញុំ ទ្រង់សុចរិត
4. ដ្បិតសេចក្ដីដែលខ្ញុំថ្លែងមិនមែនជាពាក្យបោកបញ្ឆោតទេខ្ញុំនិយាយជាមួយលោកក្នុងនាមខ្ញុំជាមនុស្សចេះដឹងត្រឹមត្រូវ!
5. ព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្ដមមិនមើលងាយនរណាម្នាក់ឡើយព្រះអង្គមានព្រះចេស្ដាដ៏ឧត្តុង្គឧត្ដមព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់។
6. ព្រះអង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេហើយព្រះអង្គតែងតែរកយុត្តិធម៌ឲ្យជនទុគ៌តជានិច្ច។
7. ព្រះអង្គមិនបែរព្រះភ័ក្ត្រចេញឆ្ងាយពីមនុស្សសុចរិតឡើយព្រះអង្គប្រទានឲ្យគេគ្រងរាជ្យរួមជាមួយស្ដេចនានាហើយប្រទានឲ្យរាជសម្បត្តិរបស់គេនៅស្ថិតស្ថេរព្រមទាំងលើកតម្កើងគេថែមទៀតផង។
8. ប៉ុន្តែ ប្រសិនបើគេជាប់ច្រវាក់ឬជាប់នៅក្នុងចំណងនៃទុក្ខលំបាក
9. គឺមកពីព្រះអង្គបង្ហាញឲ្យគេស្គាល់អំពើដែលខ្លួនប្រព្រឹត្តនៅពេលមានអំនួត គេបានបះបោរប្រឆាំងនឹងព្រះអង្គ។
10. ព្រះអង្គជួយគេឲ្យយកចិត្តទុកដាក់ស្ដាប់ដំបូន្មានព្រះអង្គណែនាំគេឲ្យលះបង់អំពើទុច្ចរិត។
11. ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូលគេមុខជាមានសុភមង្គល និងអំណរសប្បាយរហូតដល់ថ្ងៃលាចាកលោកនេះទៅ។
12. ប្រសិនបើគេមិនព្រមស្ដាប់ទេគេមុខជាត្រូវវិនាសដោយមុខលំពែងគេនឹងរលត់វិញ្ញាណទៅ ទាំងអាប់ប្រាជ្ញា។
13. មនុស្សទមិឡរមែងចូលចិត្តកំហឹងពេលព្រះជាម្ចាស់យកច្រវាក់មកចងគេនោះគេមិនស្រែកអង្វរព្រះអង្គឡើយ។
14. គេស្លាប់ទៅ ទាំងខ្លួននៅក្មេងគេបាត់បង់ជីវិតជាមួយពួកពេស្យាសក្ការៈ*។
15. ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុគ៌តដើម្បីរំដោះជនទុគ៌តព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
16. ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពីភាពអាសន្ននេះព្រមទាំងប្រទានឲ្យលោកបានចម្រុងចម្រើនហើយតុរបស់លោកនឹងពោរពេញដោយចំណីអាហារដ៏ឆ្ងាញ់ពិសា។