យ៉ូប 30:1-11 Khmer Standard Version (KHSV)

1. ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្មេង​ជាង​ខ្ញុំសើច​ចំអក​ឲ្យ​ខ្ញុំ!ឪពុក​របស់​អ្នក​ទាំង​នោះសុទ្ធ​តែ​ជា​មនុស្ស​ប្រើ​ការ​មិន​កើតសូម្បី​តែ​ប្រើ​ឲ្យ​កៀង​ហ្វូង​សត្វជា​មួយ​ឆ្កែ​របស់​ខ្ញុំ ក៏​ខ្ញុំ​មិន​ទុក​ចិត្ត​ដែរ។

2. អ្នក​ទាំង​នោះ​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ទេដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​បាក់​កម្លាំង។

3. ដោយ​ខ្វះ​ខាត និង​ឃ្លាន​ខ្លាំង​ពេកពួក​គេ​រត់​ទៅ​វាល​ហួត‌ហែង ដែល​ជា​ទី​ស្មសានរាំង​ស្ងួត​តាំង​ពី​យូរ‌យារ​មក​ហើយ។

4. ពួក​គេ​បោច​ស្លឹក​ឈើ​នៅ​តាម​គុម្ពោតយក​មក​ធ្វើ​ជា​អាហារសូម្បី​តែ​មើម​ក្ដួច ក៏​ពួក​គេ​បរិភោគ​ដែរ។

5. មនុស្ស‌ម្នា​ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ទី​ប្រជុំ​ជនហើយ​ស្រែក​ពី​ក្រោយ ដូច​ស្រែក​ដេញ​ចោរ។

6. ពួក​គេ​នាំ​គ្នា​រត់​ទៅ​ស្នាក់​អាស្រ័យនៅ​តាម​ជ្រលង​ភ្នំ​ដ៏​ចង្អៀត​គួរ​ព្រឺ​ខ្លាចនិង​នៅ​តាម​រូង​ភ្នំ តាម​ក្រហែង​ថ្ម។

7. ពួក​គេ​ស្រែក​នៅ​ក្នុង​គុម្ពោត​ព្រៃ ដូច​សត្វ​ធាតុហើយ​ប្រជ្រៀត​គ្នា​នៅ​ក្រោម​ដើម​ផ្អាវ។

8. អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ដឹង​ខ្យល់ឥត​ពូជ ឥត​អំបូរហើយ​ត្រូវ​ប្រជា‌ជន​ដេញ​ចេញ​ពី​ស្រុក។

9. ប៉ុន្តែ ឥឡូវ​នេះ ពួក​គេ​បែរ​ជា​នាំ​គ្នាច្រៀង​ឡក‌ឡឺយ និង​និយាយ​បន្តុះ‌បង្អាប់​ខ្ញុំ។

10. ពួក​គេ​ខ្ពើម​ខ្ញុំ ហើយ​ដើរ​វាង​ឆ្ងាយ​ពី​ខ្ញុំពួក​គេ​មិន​ញញើត​នឹង​ស្ដោះ​ទឹក​មាត់ដាក់​ខ្ញុំ​ឡើយ។

11. ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយព្រះ‌អង្គ​បន្ទាប​បន្ថោក​ខ្ញុំហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើល‌ងាយ​ខ្ញុំតាម​ចិត្ត​របស់​ពួក​គេ។

យ៉ូប 30