1. បន្ទាប់មក ទើបលោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។
2. លោកយ៉ូបមានប្រសាសន៍ថា៖
3. «សូមឲ្យថ្ងៃដែលខ្ញុំបានកើតមកនោះក្លាយទៅជាថ្ងៃអពមង្គល!រីឯយប់ដែលគេពោលថាមានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះជាយប់អពមង្គលដែរ!
4. សូមឲ្យថ្ងៃនោះប្រែទៅជាងងឹតហើយកុំឲ្យព្រះជាម្ចាស់ដែលគង់នៅស្ថានលើ រវីរវល់នឹងថ្ងៃនោះហើយក៏កុំឲ្យមានពន្លឺបំភ្លឺថ្ងៃនោះឡើយ!
5. សូមឲ្យភាពងងឹត និងភាពអន្ធការគ្របបាំងថ្ងៃនោះហើយសូមឲ្យមានភាពអាប់អួរគ្របបាំងព្រះអាទិត្យ!
6. រីឯយប់នោះវិញ ក៏សូមឲ្យភាពងងឹតគ្របបាំងវាដែរ!សូមកុំឲ្យគេរាប់បញ្ចូលយប់នោះទៅក្នុងខែ និងឆ្នាំឡើយ!
7. សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារហើយក៏កុំឲ្យមានសម្រែកអរសប្បាយនៅយប់នោះដែរ!
8. សូមឲ្យយប់នោះត្រូវបណ្ដាសារបស់គ្រូនក្ខត្តឫក្សនិងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ!
9. សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ!យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេហើយក៏មិនឃើញអរុណរះដែរ
10. ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើតហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះចេញពីមុខខ្ញុំដែរ!