1. លោកយ៉ូបរៀបរាប់សាជាថ្មីដូចតទៅ៖
2. «ខ្ញុំសូមស្បថក្នុងនាមព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ!ព្រះអង្គមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យចិត្តខ្ញុំពោរពេញដោយភាពជូរចត់។
3. ដរាបណាខ្ញុំនៅមានដង្ហើមចេញចូលហើយខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងច្រមុះរបស់ខ្ញុំ
4. នោះមាត់របស់ខ្ញុំនឹងមិនស្រដីចេញមកនូវពាក្យអាក្រក់ហើយអណ្ដាតរបស់ខ្ញុំក៏មិនថ្លែងពាក្យវៀចវេរដែរ។
5. ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថាពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវរហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថាខ្ញុំមានទោសឡើយ។
6. ខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំសុចរិតដរាបណាខ្ញុំមានជីវិតមនសិការរបស់ខ្ញុំមិនចោទប្រកាន់ខ្ញុំទេ។
7. សូមឲ្យខ្មាំងសត្រូវរបស់ខ្ញុំទទួលទោសដូចមនុស្សអាក្រក់សូមឲ្យអស់អ្នកដែលប្រឆាំងនឹងខ្ញុំទទួលទោសដូចមនុស្សទុច្ចរិត។
8. ពេលព្រះជាម្ចាស់លុបបំបាត់មនុស្សទមិឡព្រះអង្គដកជីវិតរបស់គេតើគេនៅមានសង្ឃឹមអ្វីទៀត?
9. ពេលគេជួបនឹងភ័យអាសន្នតើព្រះជាម្ចាស់ស្ដាប់សម្រែករបស់គេឬទេ?
10. តើគេយកព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ?តើគេអង្វររកព្រះជាម្ចាស់គ្រប់ពេលវេលាឬទេ?
11. ខ្ញុំសូមបង្ហាញឲ្យអស់លោកស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ខ្ញុំនឹងមិនលាក់គម្រោងការរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតឡើយ។
12. អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារទាំងអស់គ្នាដូច្នេះ?
13. មនុស្សអាក្រក់ មនុស្សឃោរឃៅទទួលចំណែកមត៌កពីព្រះជាម្ចាស់ដូចតទៅ:
14. ប្រសិនបើគេមានកូនចៅច្រើនកូនចៅទាំងនោះនឹងស្លាប់ដោយមុខដាវពូជពង្សរបស់គេគ្មានអាហារបរិភោគគ្រប់គ្រាន់ឡើយ។
15. កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់ដោយជំងឺរាតត្បាតប្រពន្ធរបស់គេដែលនៅមេម៉ាយនឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។
16. ប្រសិនបើគេប្រមូលបានប្រាក់ច្រើនដូចធូលីដីហើយសម្លៀកបំពាក់គរដូចភ្នំ
17. គេបានត្រឹមតែប្រមូលប៉ុណ្ណោះតែមនុស្សសុចរិតនឹងប្រើសម្លៀកបំពាក់នោះហើយមនុស្សស្លូតត្រង់នឹងចែកប្រាក់គ្នា។
18. ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរឬដូចខ្ទមរបស់ឆ្មាំចម្ការ។