1. លោកអេលីផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖
2. «តើមនុស្សមានប្រយោជន៍អ្វីសម្រាប់ព្រះជាម្ចាស់? គ្មានទេ!មនុស្សដែលមានសុភនិច្ឆ័យ នាំមកនូវផលប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ!
3. បើលោកសុចរិតតើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតសព្វព្រះហឫទ័យដែរឬ?បើលោករស់នៅដោយទៀងត្រង់តើព្រះអង្គបានចំណេញអ្វី?
4. តើព្រះអង្គស្ដីបន្ទោសលោកហើយនាំលោកទៅវិនិច្ឆ័យទោសមកពីលោកគោរពប្រណិប័តន៍ព្រះអង្គឬ?
5. ទេ គឺមកពីអំពើអាក្រក់ដ៏ធំរបស់លោកនិងកំហុសដ៏ច្រើនឥតគណនារបស់លោក។
6. លោកបានយករបស់បញ្ចាំពីជនរួមជាតិរបស់លោកដោយឥតហេតុផលហើយរឹបអូសយកសម្លៀកបំពាក់ពីគេទុកឲ្យនៅខ្លួនទទេ។
7. លោកពុំបានផ្ដល់ទឹកទៅឲ្យអ្នកស្រេកហើយក៏ពុំបានផ្ដល់អាហារទៅឲ្យអ្នកឃ្លានដែរ។
8. លោកប្រើអំណាចធ្វើជាម្ចាស់ទឹកដីនិងឲ្យបក្សពួករបស់លោកកាន់កាប់ទឹកដី។
9. លោកបណ្ដេញស្ត្រីមេម៉ាយឲ្យចេញទៅដោយដៃទទេហើយរឹបអូសយកអ្វីៗទាំងអស់ពីក្មេងកំព្រា។
10. ហេតុនេះហើយបានជាមានអន្ទាក់ឡោមព័ទ្ធលោកគ្រប់ទិសទីមហន្តរាយធ្លាក់មកលើលោកយ៉ាងទាន់ហន់។
11. ភាពងងឹតគ្របពីលើលោកធ្វើឲ្យលោកមើលអ្វីមិនឃើញទឹកក៏កំពុងតែជន់លិចលោកដែរ។
12. ព្រះជាម្ចាស់គង់នៅស្ថានដ៏ខ្ពស់បំផុតសូមមើលទៅផ្កាយមើល៍ តើខ្ពស់យ៉ាងណា!
13. លោកបែរជាពោលថា“តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះតើព្រះអង្គទតពពកដ៏ងងឹតធ្លុះដែរឬ?
14. ពេលព្រះអង្គយាងព័ទ្ធជុំវិញចក្រវាលមានពពកដ៏ក្រាស់បាំងព្រះអង្គមិនឲ្យមើលឃើញអ្វីទាំងអស់”។
15. ហេតុអ្វីបានជាលោកចូលចិត្តដើរតាមផ្លូវចាស់ជាផ្លូវដែលមនុស្សទុច្ចរិតធ្លាប់ដើរដូច្នេះ?
16. អ្នកទាំងនោះអន្តរាយមុនពេលកំណត់ទឹកជន់ហូរនាំយកគ្រឹះរបស់គេបាត់ទៅ។
17. ពួកគេទូលព្រះជាម្ចាស់ថា“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ!ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាចធ្វើអ្វីយើងខ្ញុំបានឡើយ”។
18. ក៏ប៉ុន្តែ គឺព្រះអង្គហើយដែលប្រទានឲ្យពួកគេមានទ្រព្យសម្បត្តិពេញផ្ទះ។ខ្ញុំមិនអាចទទួលយកដំបូន្មានរបស់មនុស្សអាក្រក់បានទេ។
19. មនុស្សសុចរិត និងមនុស្សស្លូតត្រង់ឃើញមនុស្សអាក្រក់វិនាសគេនាំគ្នាសប្បាយរីករាយនិងសើចចំអកឲ្យថា:
20. “អ្នកដែលធ្លាប់តែប្រឆាំងនឹងពួកយើងវិនាសសូន្យបាត់ទៅហើយអ្វីៗដែលគេរកបានក៏ត្រូវភ្លើងឆេះអស់ដែរ”។