យ៉ូប 21:6-21 Khmer Standard Version (KHSV)

6. ពេល​ណា​ខ្ញុំ​នឹក​ឃើញ​ហេតុ‌ការណ៍​ដែលកើត​មាន​ចំពោះ​ខ្ញុំនោះ​ខ្ញុំ​ក៏​ភ័យ​តក់‌ស្លុត និង​ព្រឺ‌សម្បុរ។

7. ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​រស់​បាន​យូរហើយ​មាន​កម្លាំង​កាន់​តែ​រឹង‌ប៉ឹង​ឡើង​ដូច្នេះ?

8. កូន​ចៅ​របស់​គេ​ក៏​រឹង‌ប៉ឹង​ជា​មួយ​គេហើយ​ពូជ‌ពង្ស​របស់​គេ​ក៏​ចម្រុង‌ចម្រើននៅ​ចំពោះ​មុខ​គេ​ដែរ។

9. ក្នុង​ផ្ទះ​របស់​គេ​មាន​តែ​សេចក្ដី​សុខគឺ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយព្រះ‌ជាម្ចាស់​មិន​ដែល​លើក​ដំបង​វាយ​ប្រហារពួក​គេ​សោះ។

10. ហ្វូង​គោ​របស់​គេ​បង្កើត​កូន​ចៅ​ច្រើន​ឡើងឥត​ដែល​មាន​ខូច​បង់​អ្វី​ឡើយ។

11. កូន​តូចៗ​របស់​ពួក​គេ​រត់​លេងមាន​គ្នា​ច្រើន​ដូច​ហ្វូង​សត្វហើយ​កូន​ធំៗ​របស់​គេ​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ។

12. ពួក​គេ​ស្រែក​ច្រៀង​តាម​សំឡេង​ស្គរ និង​ពិណហើយ​សប្បាយ​រីក‌រាយ​នឹង​សំឡេង​ប៉ី។

13. រៀង​រាល់​ថ្ងៃ ពួក​គេ​រស់​នៅប្រកប​ដោយ​សុភមង្គលរួច​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់​យ៉ាង​ស្រួល។

14. អ្នក​ទាំង​នោះ​ធ្លាប់​ទូល​ព្រះ‌ជាម្ចាស់​ថា“សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅយើង​ខ្ញុំ​មិន​ចង់​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ​ទេ។

15. តើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ជា​អ្វីបាន​ជា​យើង​ត្រូវ​បម្រើ​ព្រះ‌អង្គតើ​យើង​ទូល‌អង្វរ​ព្រះ‌អង្គ​បាន​ប្រយោជន៍​អ្វី?”

16. អ្នក​ទាំង​នោះ​ស្មាន​ថា​សុភមង្គល​ស្ថិត​នៅក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន។ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មានរបស់​មនុស្ស​អាក្រក់?

17. ដ្បិត​ជា​ច្រើន​ដង ចង្កៀង​របស់​មនុស្ស​អាក្រក់តែងតែ​រលត់ទុក្ខ​វេទនា​តែងតែ​ធ្លាក់​មក​លើ​ពួក​គេព្រះ‌ជាម្ចាស់​ដាក់​ទោស​ពួក​គេស្រប​តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ។

18. ពួក​គេ​ប្រៀប​ដូច​ជា​ចំបើង​ប៉ើង​តាម​ខ្យល់និង​ដូច​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។

19. អស់​លោក​ពោល​ថា“ព្រះ‌ជាម្ចាស់​នឹង​ដាក់​ទោស​កូន​ចៅព្រោះ​តែ​អំពើ​អាក្រក់​ដែល​ឪពុក​ប្រព្រឹត្ត”ក៏​ប៉ុន្តែ សូម​ព្រះ‌អង្គ​ដាក់​ទោសមនុស្ស​អាក្រក់​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។

20. សូម​ឲ្យ​គេ​ឃើញ​ទុក្ខ​វេទនា​របស់​ខ្លួនគឺ​សូម​ឲ្យ​ខ្លួន​គេ​ផ្ទាល់​រង​នូវ​ព្រះ‌ពិរោធរបស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។

21. កាល​ណា​ចំនួន​ខែ​ដែល​គេ​ត្រូវ​រស់ឈាន​ដល់​ទី​បញ្ចប់​ហើយគេ​មិន​អាច​អំពល់​ពី​អនាគត​នៃ​ក្រុម​គ្រួសាររបស់​ខ្លួន​បាន​ទេ។

យ៉ូប 21