1. លោកយ៉ូបឆ្លើយវិញថា៖
2. «សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យដែលខ្ញុំថ្លែងដ្បិតខ្ញុំមិនចង់បានការសម្រាលទុក្ខអ្វីផ្សេងទេ។
3. សូមទ្រាំស្ដាប់ខ្ញុំនិយាយសិនពេលណាខ្ញុំនិយាយចប់ សឹមចំអកឲ្យខ្ញុំ។
4. ខ្ញុំមិនត្អូញត្អែរប្រឆាំងនឹងមនុស្សទេខ្ញុំអត់ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។
5. សូមក្រឡេកមើលមកខ្ញុំនោះអស់លោកនឹងស្រឡាំងកាំងហាមាត់និយាយលែងកើត។
6. ពេលណាខ្ញុំនឹកឃើញហេតុការណ៍ដែលកើតមានចំពោះខ្ញុំនោះខ្ញុំក៏ភ័យតក់ស្លុត និងព្រឺសម្បុរ។
7. ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ?
8. កូនចៅរបស់គេក៏រឹងប៉ឹងជាមួយគេហើយពូជពង្សរបស់គេក៏ចម្រុងចម្រើននៅចំពោះមុខគេដែរ។
9. ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខគឺគ្មានការភ័យខ្លាចអ្វីឡើយព្រះជាម្ចាស់មិនដែលលើកដំបងវាយប្រហារពួកគេសោះ។
10. ហ្វូងគោរបស់គេបង្កើតកូនចៅច្រើនឡើងឥតដែលមានខូចបង់អ្វីឡើយ។
11. កូនតូចៗរបស់ពួកគេរត់លេងមានគ្នាច្រើនដូចហ្វូងសត្វហើយកូនធំៗរបស់គេនាំគ្នារាំយ៉ាងសប្បាយ។
12. ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណហើយសប្បាយរីករាយនឹងសំឡេងប៉ី។
13. រៀងរាល់ថ្ងៃ ពួកគេរស់នៅប្រកបដោយសុភមង្គលរួចចុះទៅស្ថានមនុស្សស្លាប់យ៉ាងស្រួល។
14. អ្នកទាំងនោះធ្លាប់ទូលព្រះជាម្ចាស់ថា“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅយើងខ្ញុំមិនចង់ស្គាល់មាគ៌ារបស់ព្រះអង្គទេ។
15. តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតជាអ្វីបានជាយើងត្រូវបម្រើព្រះអង្គតើយើងទូលអង្វរព្រះអង្គបានប្រយោជន៍អ្វី?”
16. អ្នកទាំងនោះស្មានថាសុភមង្គលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន។ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកដំបូន្មានរបស់មនុស្សអាក្រក់?
17. ដ្បិតជាច្រើនដង ចង្កៀងរបស់មនុស្សអាក្រក់តែងតែរលត់ទុក្ខវេទនាតែងតែធ្លាក់មកលើពួកគេព្រះជាម្ចាស់ដាក់ទោសពួកគេស្របតាមព្រះពិរោធរបស់ព្រះអង្គ។
18. ពួកគេប្រៀបដូចជាចំបើងប៉ើងតាមខ្យល់និងដូចអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។