1. លោកអេលីផាស ជាអ្នកស្រុកថេម៉ានពោលឡើងថា៖
2. «តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារមកឆ្លើយដែរឬ?តើគេយកសេចក្ដីឥតបានការដូចខ្យល់ក្ដៅបក់ពីទិសបូព៌ាមកដាក់ពេញខ្លួនកើតឬ?
3. តើគេយកពាក្យឥតន័យ ឥតផលប្រយោជន៍មកនិយាយការពារខ្លួនដែរឬ?
4. ចំណែកឯលោកវិញ លោកធ្វើឲ្យគេឯងលែងគោរពកោតខ្លាចព្រះជាម្ចាស់ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍នៅចំពោះព្រះភ័ក្ត្រព្រះអង្គបានទៀត!
5. សេចក្ដីទុច្ចរិតជំរុញឲ្យលោកស្រដីចេញមកលោកប្រើពាក្យពេចន៍របស់មនុស្សមានល្បិច។
6. មិនមែនខ្ញុំទេ ដែលថ្កោលទោសលោកគឺមាត់របស់លោកផ្ទាល់ថ្កោលទោសលោកហើយពាក្យសម្ដីរបស់លោកចោទប្រកាន់ខ្លួនឯង។
7. ក្នុងចំណោមមនុស្សទាំងអស់តើលោកកើតមកមុនគេឬតើលោកកើតមក មុនភ្នំទាំងឡាយឬ?
8. តើលោកបានឮគម្រោងការរបស់ព្រះជាម្ចាស់ហើយមានតែលោកម្នាក់ឬដែលមានប្រាជ្ញា?
9. តើមានការអ្វីដែលលោកដឹងតែយើងខ្ញុំមិនដឹង?តើមានការអ្វីដែលលោកយល់តែយើងខ្ញុំមិនយល់?
10. ក្នុងចំណោមយើងខ្ញុំ ក៏មានចាស់ព្រឹទ្ធាចារ្យដែលមានវ័យចំណាស់ៗមានអាយុវែងជាងឪពុករបស់លោកទៅទៀត!
11. ព្រះជាម្ចាស់ឲ្យយើងខ្ញុំមកសម្រាលទុក្ខលោក ដោយពាក្យសម្ដីទន់ភ្លន់តើប៉ុនហ្នឹងហើយ លោកយល់ថាមិនល្មមឬ?
12. ហេតុអ្វីបានជាលោកមានចិត្តពុះកញ្ជ្រោលនិងមើលមកយើងខ្ញុំដោយកំហឹងបែបនេះ?