1. «ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់!ខ្ញុំមិនអាចទប់ការត្អូញត្អែររបស់ខ្ញុំបានទៀតទេខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
2. ខ្ញុំនឹងទូលព្រះជាម្ចាស់ថា:សូមកុំដាក់ទោសទូលបង្គំឡើយ!សូមប្រាប់ឲ្យទូលបង្គំដឹងផងថាតើព្រះអង្គមានមូលហេតុអ្វីចោទប្រកាន់ទូលបង្គំ?
3. តើមានប្រយោជន៍អ្វីបានជាព្រះអង្គសង្កត់សង្កិនទូលបង្គំហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គរួចបែរជាជួយជ្រោមជ្រែងផែនការរបស់មនុស្សអាក្រក់ទៅវិញ?
4. តើព្រះអង្គមានព្រះនេត្រ ហើយទតមើលតាមរបៀបដូចមនុស្សលោកដែរឬ?
5. តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃរបស់មនុស្សលោកហើយចំនួនឆ្នាំរបស់ព្រះអង្គ ក៏ដូចជាចំនួនឆ្នាំរបស់មនុស្សលោកដែរឬ
6. បានជាព្រះអង្គស្វែងរកកំហុសរបស់ទូលបង្គំហើយរុករកអំពើបាបរបស់ទូលបង្គំដូច្នេះ?
7. ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំគ្មានកំហុសអ្វីទេហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុតពីព្រះហស្ដរបស់ព្រះអង្គបានដែរ។
8. ព្រះអង្គបានសូនទូលបង្គំ និងបង្កើតទូលបង្គំដោយសារព្រះហស្ដរបស់ព្រះអង្គផ្ទាល់តែព្រះអង្គបែរចង់រំលាយទូលបង្គំទៅវិញ!
9. សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំដូចគេសូនដីឥដ្ឋធ្វើភាជន៍។តើព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ?
10. ព្រះអង្គបានសូនទូលបង្គំនិងឲ្យទូលបង្គំចម្រើនធំឡើងក្នុងផ្ទៃម្ដាយ។
11. ព្រះអង្គបំពាក់ស្បែក និងសាច់ពាសពេញរូបកាយទូលបង្គំព្រះអង្គបង្កើតឆ្អឹង និងសរសៃឲ្យទូលបង្គំ។
12. ព្រះអង្គប្រទានជីវិត និងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។
13. ប៉ុន្តែ ទូលបង្គំដឹងច្បាស់នូវអ្វីៗដែលព្រះអង្គលាក់ទុកនៅក្នុងព្រះហឫទ័យ
14. គឺព្រះអង្គឃ្លាំមើលទូលបង្គំក្រែងលោទូលបង្គំប្រព្រឹត្តអំពើបាបហើយព្រះអង្គមិនព្រមលើកលែងទោសឲ្យទូលបង្គំទាល់តែសោះ។
15. ប្រសិនបើទូលបង្គំមានទោសនោះទូលបង្គំពិតជាវេទនាមិនខាន!ប្រសិនបើទូលបង្គំសុចរិតនោះក៏ទូលបង្គំមិនហ៊ានងើបមុខឡើងដែរទូលបង្គំត្រូវអាម៉ាស់ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
16. ប្រសិនបើទូលបង្គំហ៊ានងើបមុខព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហព្រះអង្គនឹងសម្តែងការអស្ចារ្យផ្សេងៗប្រហារទូលបង្គំថែមទៀត។