4. កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបងប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។
5. ក្រោយពេលជប់លៀង លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ*។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុតទាំងមូល សម្រាប់កូននីមួយៗ ដ្បិតលោកខ្លាចក្រែងកូនរបស់លោកប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួន។ លោកយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
6. ថ្ងៃមួយ ពពួកទេវតារបស់ព្រះអម្ចាស់ នាំគ្នាចូលទៅគាល់ព្រះអង្គ មារ*សាតាំងក៏ស្ថិតនៅក្នុងចំណោមទេវតាទាំងនោះដែរ។
7. ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «តើអ្នកទើបនឹងមកពីណា?»។ មារសាតាំងទូលព្រះអម្ចាស់វិញថា៖ «ទូលបង្គំទើបនឹងដើរកំសាន្តនៅលើផែនដី»។