1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាសម្ដងទៀតថា៖
2. «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឲ្យដឹងអំពីសេចក្ដី ដែលយើងនឹងប្រាប់អ្នក!»។
3. លើកនេះ លោកយ៉ូណាសធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសំបើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។
4. លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត ព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។
5. ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសឲ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។
6. ព្រះមហាក្សត្រនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្ដេចក៏យាងចុះពីរាជបល្ល័ង្ក ដោះព្រះភូសាចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅលើផេះទៀតផង។
7. ព្រះរាជាចេញបញ្ជាឲ្យប្រកាសប្រាប់ប្រជារាស្ត្រក្នុងក្រុងនីនីវេថា៖ «យោងតាមរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអស់លោកសព្វមុខមន្ត្រី សូមហាមមនុស្សទាំងឡាយមិនឲ្យបរិភោគ ឬផឹកអ្វីឡើយ រីឯសត្វតូចធំក៏ដូច្នោះដែរ។
8. ទាំងមនុស្ស ទាំងសត្វ ត្រូវតែកាន់ទុក្ខ។ ចូរអង្វររកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅ ដែលខ្លួនធ្លាប់ប្រព្រឹត្ត
9. ក្រែងលោព្រះជាម្ចាស់ប្រែព្រះហឫទ័យលែងព្រះពិរោធទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។