6. ពេលនោះ នាយសំពៅមករកលោកសួរថា៖ «ម្ដេចក៏លោកសម្រាន្ដលក់ដូច្នេះ? សូមក្រោកឡើង ទូលអង្វរព្រះរបស់លោកទៅ ក្រែងលោព្រះអង្គអាណិតអាសូរជួយពួកយើងឲ្យរួចផុតពីសេចក្ដីវិនាស»។
7. ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត ដើម្បីឲ្យដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើលោកយ៉ូណាស។
8. ពួកគេសួរលោកយ៉ូណាសថា៖ «លោកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើលោកធ្វើអ្វី? លោកមកពីណា? ស្រុកលោកនៅឯណា? លោកជាជនជាតិអ្វី?»។
9. លោកយ៉ូណាសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំព្រះអម្ចាស់ ជាព្រះដែលគង់នៅស្ថានបរមសុខ* ព្រះអង្គបានបង្កើតសមុទ្រ និងដីគោក»។
10. លោកយ៉ូណាសក៏តំណាលរឿងរបស់លោក ឲ្យពួកគេស្ដាប់។ កាលពួកអ្នកសំពៅជ្រាបថា លោកបានរត់គេចឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរលោកថា៖ «ម្ដេចក៏លោកធ្វើដូច្នេះ?
11. តើយើងត្រូវធ្វើយ៉ាងណាចំពោះលោក ដើម្បីឲ្យសមុទ្របានស្ងប់ឡើងវិញ?»។
12. លោកយ៉ូណាសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។