1. បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូយ៉ាងតឹងរ៉ឹងជាងគេ។
2. យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុស ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។
3. ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូលឲ្យទៅណាក៏បាន។
4. សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។
5. រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូចក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំបានដែរ!
6. អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។
7. មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ
8. ប៉ុន្តែ គ្មានជនណាម្នាក់អាចផ្សាំងអណ្ដាតបានឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃដែលចេះតែគន្លាស់ជានិច្ច ពោរពេញទៅដោយពិសពុល បណ្ដាលឲ្យស្លាប់ទៀតផង។
9. ដោយសារអណ្ដាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមក ឲ្យមានលក្ខណៈដូចព្រះអង្គដែរ
10. គឺទាំងពាក្យអរព្រះគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។