17. រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!
18. ប្រសិនបើមានម្នាក់ពោលថា: អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្តអំពើល្អឲ្យខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។
19. អ្នកជឿថាព្រះជាម្ចាស់មានតែមួយព្រះអង្គ ត្រឹមត្រូវហើយ ក៏ប៉ុន្តែ ពួកអារក្សក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។
20. ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ!
21. លោកអប្រាហាំជាបុព្វបុរសរបស់យើងបានសុចរិត ដោយសារអំពើដែលលោកប្រព្រឹត្ត គឺលោកបានយកអ៊ីសាកជាកូនទៅដាក់នៅលើអាសនៈ ដើម្បីថ្វាយជាយញ្ញបូជា។
22. អ្នកឃើញទេ ជំនឿរបស់លោកបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានពេញលក្ខណៈ
23. ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យបានសុចរិត* ដោយយល់ដល់ជំនឿនេះ» លោកក៏មានឈ្មោះថា ជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែរ។
24. ដូច្នេះ បងប្អូនឃើញថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យបានសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ត គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។
25. នាងរ៉ាហាប់ជាស្ត្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។
26. រូបកាយដែលគ្មានវិញ្ញាណ ជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។