18. ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាងនៃអ្វីៗទាំងអស់ ដែលព្រះអង្គបង្កើតមក។
19. បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង
20. ដ្បិតអ្នកមានកំហឹងពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិត*របស់ព្រះជាម្ចាស់បានឡើយ។
21. ហេតុនេះ បងប្អូនត្រូវលះបង់ចិត្តសៅហ្មងគ្រប់យ៉ាង និងចិត្តកំរោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅ ហើយកាន់ចិត្តស្លូតបូត ទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្ដុះក្នុងបងប្អូន ព្រោះព្រះបន្ទូលនេះអាចនឹងសង្គ្រោះព្រលឹងរបស់បងប្អូន។
22. ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។
23. អ្នកណាស្ដាប់ព្រះបន្ទូលហើយ មិនប្រតិបត្តិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះកញ្ចក់មើលមុខខ្លួន
24. លុះពិនិត្យមើលរួចហើយ ក៏ចេញទៅ ស្រាប់តែភ្លេចមិនដឹងថាមុខខ្លួនឯងដូចម្ដេចផង។
25. រីឯអ្នកដែលយកចិត្តទុកដាក់ពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណៈ ជាក្រឹត្យវិន័យដែលផ្ដល់សេរីភាព ហើយព្យាយាមប្រតិបត្តិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែស្ដាប់ រួចភ្លេចអស់ទៅ អ្នកនោះនឹងមានសុភមង្គល*ក្នុងកិច្ចការដែលខ្លួនធ្វើជាមិនខាន។
26. ប្រសិនបើនរណាម្នាក់នឹកស្មានថាខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។
27. រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភ័ក្ត្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។