11. «យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមក្លាយទៅជាគំនរឥដ្ឋជាកន្លែងដែលឆ្កែចចកយកធ្វើជាជម្រក។យើងនឹងធ្វើឲ្យក្រុងទាំងឡាយក្នុងស្រុកយូដាក្លាយទៅជាទីស្ងាត់ជ្រងំគ្មាននរណារស់នៅ!»។
12. តើនរណាមានប្រាជ្ញាអាចយល់ហេតុការណ៍ទាំងនេះបាន?ប្រសិនបើព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈអ្នកនោះមែន ចូរឲ្យគេពន្យល់មកមើលហេតុអ្វីបានជាស្រុកទេសវិនាស និងឆេះអស់ដូចវាលរហោស្ថានដែលគ្មាននរណាដើរកាត់។
13. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ហេតុការណ៍ទាំងនេះកើតឡើង មកពីពួកគេបោះបង់ចោលក្រឹត្យវិន័យ*ដែលយើងប្រគល់ឲ្យពួកគេ ពួកគេមិនបានស្ដាប់ និងធ្វើតាមសេចក្ដីដែលយើងទូន្មានពួកគេទេ។
14. ផ្ទុយទៅវិញ ពួកគេធ្វើតាមចិត្តរឹងរូសរបស់ខ្លួន ហើយនាំគ្នាជំពាក់ចិត្តនឹងព្រះបាល ដូចដូនតារបស់ខ្លួនប្រៀនប្រដៅ»។
15. ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងឲ្យប្រជាជននេះបរិភោគផ្លែស្លែង ហើយឲ្យគេផឹកទឹកដែលមានជាតិពុល។
16. យើងកំចាត់កំចាយពួកគេឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយដែលពួកគេផ្ទាល់ ឬដូនតារបស់ពួកគេពុំធ្លាប់ស្គាល់។ យើងឲ្យសត្រូវដេញកាប់សម្លាប់ពួកគេ រហូតទាល់តែស្លាប់អស់គ្មានសល់»។
17. ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖«ចូរនាំគ្នាគិតគូរហៅស្រីៗដែលស៊ីឈ្នួលយំគឺស្រីៗដែលពូកែយំនោះឲ្យមក»។
18. ស្រីទាំងនោះត្រូវប្រញាប់យំរៀបរាប់ស្រណោះយើងទាំងអស់គ្នាសូមឲ្យទឹកភ្នែករបស់យើងទាំងអស់គ្នាហូរដូចទឹកទន្លេ។
19. សម្រែកថ្ងូរលេចឮចេញមកពីក្រុងស៊ីយ៉ូនថាយើងវិនាសហិនហោចអស់ហើយ!យើងសែនអាម៉ាស់ដ្បិតយើងត្រូវតែបោះបង់ចោលស្រុកសត្រូវបានរំលំទីលំនៅរបស់យើងហើយ!
20. ស្ត្រីទាំងឡាយអើយចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះអង្គមានព្រះបន្ទូល!ចូរបង្ហាត់កូនស្រីរបស់នាងឲ្យចេះទ្រហោយំចូរបង្រៀនគ្នាទៅវិញទៅមកឲ្យចេះយំរៀបរាប់
21. ដ្បិតសេចក្ដីស្លាប់ឡើងតាមបង្អួចរបស់យើងសេចក្ដីស្លាប់ចូលមកក្នុងកំពែងក្រុងរបស់យើងដកយកជីវិតក្មេងៗនៅតាមដងផ្លូវនិងដកជីវិតពួកយុវជននៅតាមផ្សារ។
22. ចូរនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រកាសថាសាកសពរបស់មនុស្សនឹងនៅពាសពេញលើដីដូចលាមកសត្វនៅតាមចម្ការនិងដូចកណ្ដាប់ដែលគេទើបនឹងច្រូតរួចតែគ្មាននរណារើសឡើយ។
23. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«អ្នកប្រាជ្ញមិនត្រូវអួត ព្រោះខ្លួនមានប្រាជ្ញាអ្នកខ្លាំងពូកែមិនត្រូវអួត ព្រោះខ្លួនមានកម្លាំងហើយអ្នកមានក៏មិនត្រូវអួតព្រោះខ្លួនមានទ្រព្យសម្បត្តិដែរ។