1. ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែកហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។
2. ប្រសិនបើមាននរណាឲ្យខ្ទមមួយដែលជាជម្រកសម្រាប់អ្នកដំណើរនៅវាលរហោស្ថានមកខ្ញុំនោះខ្ញុំនឹងបោះបង់ចោលប្រជាជនរបស់ខ្ញុំខ្ញុំនឹងទៅនៅយ៉ាងឆ្ងាយពីពួកគេដ្បិតប្រជាជននេះសុទ្ធតែជាមនុស្សផិតក្បត់ពួកគេក្បត់ព្រះជាម្ចាស់ទាំងអស់គ្នា។
3. «អណ្ដាតរបស់គេប្រៀបបាននឹងធ្នូដែលគេយឹតបម្រុងនឹងបាញ់។គេមានអំណាចនៅក្នុងស្រុកមិនមែនដោយសារសេចក្ដីពិតទេតែមកពីការកុហកពួកគេប្រព្រឹត្តអំពើអាក្រក់ផ្ទួនៗគ្នាហើយពួកគេពុំស្គាល់យើងឡើយ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4. «ម្នាក់ៗត្រូវប្រយ័ត្ននឹងមិត្តសម្លាញ់ហើយមិនត្រូវទុកចិត្តបងប្អូនរបស់ខ្លួនឡើយដ្បិតបងប្អូនពូកែបោកប្រាស់គ្នាឯងហើយមិត្តសម្លាញ់ក៏ពូកែមួលបង្កាច់គ្នាដែរ។
5. ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមកគ្មាននរណានិយាយការពិតទេពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនឲ្យពោលពាក្យភូតភរហើយពួកគេលះបង់អំពើបាបពុំបានឡើយ។
6. ពួកគេប្រព្រឹត្តអំពើឃោរឃៅផ្ទួនៗគ្នាហើយបោកបញ្ឆោតមិនឈប់ឈរពួកគេបដិសេធមិនព្រមទទួលស្គាល់យើង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7. ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើងដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះចំពោះប្រជាជនរបស់យើងឡើយ។
8. អណ្ដាតរបស់ពួកគេជាព្រួញពិសគេពោលតែពាក្យបោកបញ្ឆោតមាត់របស់ពួកគេពោលពាក្យផ្អែមល្ហែមទៅកាន់អ្នកដទៃតែខាងក្នុងចិត្ត ពួកគេគិតគូររៀបចំអន្ទាក់។
9. តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេព្រោះតែអំពើទាំងនោះទេឬ?តើមិនគួរឲ្យយើងដាក់ទោសប្រជាជាតិបែបនេះទេឬ?»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។