យេរេមា 52:25-34 Khmer Standard Version (KHSV)

25. លោក​ក៏​ចាប់​មហា‌តលិក​មួយ​រូប​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ‌ពីរ​រូប ស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារ‌កិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។

26. លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​ចាប់​អ្នក​ទាំង​នោះ នាំ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នៅ​រីបឡា។

27. ស្ដេច​ស្រុក​បាប៊ី‌ឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ជន‌ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។

28. ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​នេះ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ ចំនួន​៣ ០២៣​នាក់។

29. ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​នេះ​កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម​យក​ទៅ​ជា​ឈ្លើយ​ចំនួន ៨៣២​នាក់។

30. ក្នុង​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូ‌ក្នេសា លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ​ចំនួន​៧៤៥​នាក់។ សរុប​ទាំង​អស់ មាន​ចំនួន ៤ ៦០០ នាក់។

31. នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ​ខែ​ទី​ដប់‌ពីរ​ក្នុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌ពីរ ដែល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​ស្ដេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ដោះ​លែង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ឲ្យ​មាន​សេរី‌ភាព។

32. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ដោយ​ស្និទ្ធ‌ស្នាល ព្រម​ទាំង​ប្រទាន​កន្លែង​កិត្តិយស​ជាង​ស្ដេច​ឯ​ទៀតៗ ដែល​ជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ី‌ឡូន។

33. ស្ដេច​អនុញ្ញាត​ឲ្យ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​លែង​ស្លៀក​សម្លៀក‌បំពាក់​ជា​ឈ្លើយ​សឹក ហើយ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​សោយ​ព្រះ‌ស្ងោយ​រួម​តុ​ជា​មួយ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អស់​ព្រះ‌ជន្ម។

34. ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទំនុក​បម្រុង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត រហូត​ដល់​ថ្ងៃ​ទ្រង់​សោយ​ទិវង្គត។

យេរេមា 52