19. លោករាជប្រតិភូក៏យកចានក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើងចង្កៀង ពែង ចាន គោម និងវត្ថុទាំងប៉ុន្មាន ដែលធ្វើពីមាសពីប្រាក់ ទៅជាមួយដែរ។
20. រីឯសសរទាំងពីរ អាងធំ និងរូបគោលង្ហិនទាំងដប់ពីរជាកំណល់ ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។
21. សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយរង្វង់សសរមានប្រវែងដប់ពីរហត្ថ។ សសរនោះប្រហោងក្នុង និងមានកំរាស់បួនហ៊ុន។
22. នៅពីលើសសរមានក្បាច់ក្បាលសសរ មួយធ្វើពីលង្ហិន ដែលមានកំពស់ប្រាំហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរមានទំហំ និងមានផ្លែទទឹមដូចគ្នាដែរ។
23. មានផ្លែទទឹមទាំងអស់កៅសិបប្រាំមួយនៅជុំវិញ ហើយផ្លែទទឹមដែលនៅជាប់នឹងក្បាច់ក្រឡាអួន មានចំនួនទាំងអស់មួយរយ។
24. លោករាជប្រតិភូចាប់លោកសេរ៉ាយ៉ា ជាមេក្រុមបូជាចារ្យ លោកសេផានា ជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីនាក់យកទៅជាមួយ។
25. លោកក៏ចាប់មហាតលិកមួយរូបដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំពីររូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។
26. លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូចាប់អ្នកទាំងនោះ នាំទៅថ្វាយស្ដេចស្រុកបាប៊ីឡូននៅរីបឡា។
27. ស្ដេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
28. ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្ដេចនេះកៀរជនជាតិយូដាយកទៅជាឈ្លើយ ចំនួន៣ ០២៣នាក់។