11. បន្ទាប់មក ព្រះចៅនេប៊ូក្នេសាឲ្យគេចាក់ភ្នែកព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់។ ស្ដេចស្រុកបាប៊ីឡូននាំព្រះបាទសេដេគាទៅស្រុកបាប៊ីឡូន ឃុំទុករហូតដល់ថ្ងៃសុគត។
12. នៅថ្ងៃទីដប់ខែទីប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូដែលបម្រើស្ដេចស្រុកបាប៊ីឡូនមកដល់ក្រុងយេរូសាឡឹម។
13. លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេស ផ្ទះរបស់ពួកអភិជន។
14. កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏រំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
15. លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង គឺជនក្រីក្រមួយចំនួន ទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់យកទៅជាឈ្លើយសឹក។
16. ប៉ុន្តែ លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ទុកឲ្យជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
17. ជនជាតិខាល់ដេកម្ទេចសសរលង្ហិន ដែកកំណល់ និងអាងធំ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មាននាំទៅក្រុងបាប៊ីឡូន។