1. ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា ទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ហាមូថាល់ ជាកូនរបស់លោកយេរេមា ដែលជាអ្នកស្រុកលីបណា។
2. ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទយេហូយ៉ាគីមដែរ។
3. ព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែព្រះអង្គបោះបង់ចោលពួកគេឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។នៅគ្រានោះ ព្រះបាទសេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។
4. ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។
5. ពួកគេឡោមព័ទ្ធក្រុងនេះ រហូតដល់ឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា។
6. នៅថ្ងៃទីប្រាំបួននៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ
7. ពួកខ្មាំងទម្លុះកំពែងក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុង នៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។