57. «យើងនឹងបង្អកមន្ត្រី អ្នកប្រាជ្ញ ចៅហ្វាយខេត្ត ទេសាភិបាល និងទាហានដ៏អង់អាចរបស់ពួកគេ ឲ្យស្រវឹង។ ពួកគេដេកលក់រហូតលែងភ្ញាក់ទៀត» - នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រ ដែលមាននាមថាព្រះអម្ចាស់នៃពិភពទាំងមូល។
58. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូនបាក់បែករហូតដល់គ្រឹះទ្វារដ៏ខ្ពស់ៗក៏ឆេះអស់គឺស្នាដៃដែលប្រជាជនទាំងឡាយបានធ្វើក្លាយជាអសារបង់អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើក្លាយទៅជាចំណីភ្លើង»។
59. នេះជាសេចក្ដីដែលព្យាការីយេរេមាបង្គាប់ដល់លោកសេរ៉ាយ៉ា ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅពេលដែលគាត់ទៅស្រុកបាប៊ីឡូន ជាមួយព្រះបាទសេដេគា នៅឆ្នាំទីបួន ក្នុងរជ្ជកាលរបស់ស្ដេចនេះ។ កាលនោះ លោកសេរ៉ាយ៉ាមានមុខតំណែងជាមេលើពួកមហាតលិក។
60. លោកយេរេមាសរសេរអំពីទុក្ខលំបាកទាំងប៉ុន្មាន ដែលកើតមានដល់ស្រុកបាប៊ីឡូន ទុកក្នុងក្រាំងមួយ គឺព្រះបន្ទូលទាំងអស់ស្ដីអំពីស្រុកបាប៊ីឡូន ដូចមានចែងទុកខាងលើនេះស្រាប់។
61. លោកយេរេមាមានប្រសាសន៍ទៅកាន់លោកសេរ៉ាយ៉ាថា៖ «ពេលលោកទៅដល់បាប៊ីឡូន លោកត្រូវអានសេចក្ដីទាំងនេះ
62. រួចពោលថា: បពិត្រព្រះអម្ចាស់ គឺព្រះអង្គផ្ទាល់ដែលមានព្រះបន្ទូលថា ក្រុងនេះនឹងត្រូវបំផ្លាញ លែងមានមនុស្ស មានសត្វរស់នៅទៀតហើយ គឺក្រុងនេះក្លាយទៅជាទីស្មសានរហូតតទៅ។
63. ពេលលោកអានសេចក្ដីក្នុងក្រាំងនេះចប់ សូមចងភ្ជាប់នឹងថ្មមួយដុំ រួចយកទៅទម្លាក់នៅកណ្ដាលទន្លេអឺប្រាត។
64. បន្ទាប់មក សូមប្រកាសថា: ក្រុងបាប៊ីឡូននឹងត្រូវលិចលង់ដូច្នេះដែរ គឺក្រុងនេះរងទុក្ខលំបាក ដែលព្រះអម្ចាស់ធ្វើឲ្យកើតមានដល់ពួកគេ ពួកគេនឹងរលំ ក្រោកឡើងវិញពុំរួចឡើយ»។ពាក្យរបស់លោកយេរេមាចប់តែត្រឹមណេះ។