34. ក្រុងស៊ីយ៉ូនពោលថា:នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនបានលេប និងកម្ទេចខ្ញុំធ្វើឲ្យខ្ញុំប្រៀបបាននឹងចានគ្មានអាហារស្ដេចនេះប្រៀបបាននឹងនាគដែលលេបខ្ញុំស្ដេចនេះត្របាក់លេបអ្វីៗដ៏មានតម្លៃនៅក្នុងខ្ញុំរួចខ្ជាក់ខ្ញុំចោល។
35. អ្នកក្រុងស៊ីយ៉ូនពោលថាសូមឲ្យពួកបាប៊ីឡូនរងនូវអំពើឃោរឃៅដែលគេបានប្រព្រឹត្តចំពោះខ្ញុំ។អ្នកក្រុងយេរូសាឡឹមពោលថាសូមឲ្យពួកខាល់ដេទទួលទោសព្រោះតែបានបង្ហូរឈាមខ្ញុំ។
36. ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ប្រជាជនក្រុងយេរូសាឡឹមថា៖«យើងនឹងរកយុត្តិធម៌ឲ្យអ្នកយើងនឹងសងសឹកជំនួសអ្នកយើងនឹងធ្វើឲ្យទន្លេនៅក្រុងបាប៊ីឡូនហួតហែងរហូតដល់ប្រភពទឹករបស់វា។
37. ក្រុងបាប៊ីឡូននឹងក្លាយទៅជាគំនរឥដ្ឋជាសំបុកឆ្កែព្រៃ ធ្វើឲ្យប្រជាជាតិឯទៀតៗស្រឡាំងកាំង និងព្រឺសម្បុរជាកន្លែងដែលគ្មានមនុស្សរស់នៅទៀត។
38. ជនជាតិបាប៊ីឡូននាំគ្នាគ្រហឹមដូចកូនសិង្ហនិងដូចសិង្ហស្ទាវ
39. ពេលណាពួកគេពុះកញ្ជ្រោលដល់កម្រិតហើយយើងនឹងរៀបចំជប់លៀងឲ្យពួកគេយើងនឹងបង្អកពួកគេឲ្យស្រវឹងទាល់តែលេលាហើយដេកលក់រហូត លែងភ្ញាក់ទៀត- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
40. យើងនឹងនាំពួកគេទៅទីសត្តឃាតដូចពពែ និងចៀម។
41. ម្ដេចក៏ក្រុងសេសាកដែលពិភពលោកទាំងមូលធ្លាប់តែលើកតម្កើងត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំងដូច្នេះ!ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសានក្នុងចំណោមប្រជាជាតិនានាបែបនេះ!
42. សមុទ្រជន់លិចស្រុកបាប៊ីឡូនហើយទឹករលកក៏បក់បោកលើស្រុកនេះដែរ!