1. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងនឹងធ្វើឲ្យខ្យល់ព្យុះបក់បោកបំផ្លាញក្រុងបាប៊ីឡូននិងប្រជាជននៅក្រុងនោះ។
2. យើងនឹងប្រើគេឲ្យមករែងក្រុងបាប៊ីឡូនដូចគេរែងអង្ករ។អ្នកទាំងនេះនឹងយកអ្វីៗទាំងអស់ចេញពីស្រុកពួកគេមកពីគ្រប់ទិសទី វាយលុកក្រុងបាប៊ីឡូននៅថ្ងៃដ៏សែនវេទនានោះ។
3. កុំត្រាប្រណីទាហានបាញ់ព្រួញនិងអ្នកពាក់អាវក្រោះ ដែលពើងទ្រូង!កុំត្រាប្រណីយុវជនរបស់ពួកគេ!ចូរបំផ្លាញកងទ័ពទាំងមូលរបស់ពួកគេចោលទៅ!»។
4. ពួកគេដួលស្លាប់នៅក្នុងស្រុកខាល់ដេអ្នកដែលគេចាក់ទម្លុះ ត្រូវស្លាប់នៅតាមដងផ្លូវក្នុងក្រុងបាប៊ីឡូន
5. ព្រោះពួកគេប្រព្រឹត្តខុសចំពោះព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ពាសពេញក្នុងស្រុក។ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទ្រង់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គឡើយ។
6. ចូររត់ចេញពីក្រុងបាប៊ីឡូនទៅ!ម្នាក់ៗរត់ប្រាសអាយុ!មិនគួរទុកឲ្យខ្លួនវិនាសសូន្យព្រោះតែកំហុសរបស់ក្រុងនេះឡើយ!ដ្បិតពេលនេះជាពេលដែលព្រះអម្ចាស់សងសឹកព្រះអង្គសងទៅជនជាតិបាប៊ីឡូនវិញតាមអំពើដែលពួកគេបានប្រព្រឹត្ត!
7. ពីមុន បាប៊ីឡូនប្រៀបបាននឹងពែងមាសនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ជាពែងដែលធ្វើឲ្យផែនដីទាំងមូលស្រវឹងប្រជាជាតិទាំងឡាយបានផឹកស្រាពីពែងនេះហើយវង្វេងវង្វាន់ទាំងអស់គ្នា។
8. រំពេចនោះ ស្រាប់តែបាប៊ីឡូនធ្លាក់ចុះហើយបាក់បែកខ្ទេចខ្ទីអស់!ចូរនាំគ្នាយំស្រណោះក្រុងនេះចូរយកថ្នាំមកព្យាបាលស្នាមរបួសរបស់វាប្រហែលជាវាអាចជាឡើងវិញបាន។
9. ពួកយើងខិតខំព្យាបាលបាប៊ីឡូនដែរតែវាពុំអាចជាសះស្បើយបានទេ។ដូច្នេះ ចូរបោះបង់ចោលក្រុងនេះហើយវិលទៅស្រុករបស់យើងរៀងៗខ្លួនវិញដ្បិតទោសរបស់ក្រុងនេះមានទំហំធំជាងផ្ទៃមេឃ និងអាកាសវេហាស៍ទៅទៀត។
10. ព្រះអម្ចាស់រកយុត្តិធម៌ឲ្យពួកយើង។មក! យើងនាំគ្នារៀបរាប់ប្រាប់អ្នកក្រុងស៊ីយ៉ូនអំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់ជាព្រះនៃយើង។
11. ចូរសំរួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់ ព្រះអម្ចាស់មានគម្រោងការកម្ទេចក្រុងបាប៊ីឡូនហេតុនេះបានជាព្រះអង្គជំរុញស្ដេចស្រុកមេឌីឲ្យសម្រេចការនេះដ្បិតព្រះអម្ចាស់សងសឹកពួកបាប៊ីឡូនព្រោះពួកគេកម្ទេចព្រះវិហាររបស់ព្រះអង្គ!