យេរេមា 50:34-43 Khmer Standard Version (KHSV)

34. ប៉ុន្តែ ព្រះ​ដែល​លោះ​ពួក​គេទ្រង់​ប្រកប​ដោយ​ឫទ្ធា‌នុភាពព្រះ‌អង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ព្រះ‌អង្គ​ពិត​ជា​រក​យុត្តិធម៌​ឲ្យ​ពួក​គេហើយ​នាំ​សេចក្ដី​សុខ​មក​លើ​ទឹក​ដី និង​ធ្វើ​ឲ្យអ្នក​ស្រុក​បាប៊ី‌ឡូន​កើត​ចលាចល។

35. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​យក​ដាវ​ទៅ​ប្រហារ​ជន‌ជាតិ​ខាល់ដេអ្នក​ក្រុង​បាប៊ី‌ឡូនព្រម​ទាំង​មន្ត្រី និង​អ្នក​ប្រាជ្ញ​របស់​ពួក​គេ។

36. ចូរ​យក​ដាវ​ទៅ​ប្រហារ​គ្រូ​ហោរ​របស់​ពួក​គេ!អ្នក​ទាំង​នោះ​ជា​មនុស្ស​វិកល‌ចរិត!ចូរ​យក​ដាវ​ទៅ​ប្រហារ​ទាហាន​ដ៏ខ្លាំង​ពូកែ​របស់​ពួក​គេអ្នក​ទាំង​នោះ​ត្រូវ​រលំ​ហើយ!

37. ចូរ​យក​ដាវ​ទៅ​ប្រហារ​សេះនិង​រទេះ​ចំបាំង​របស់​ពួក​គេហើយ​ប្រហារ​ជន​បរទេស​ដែល​មក​ជួយ​ច្បាំងរួម​ជា​មួយ​ពួក​គេ​ដែរ!អ្នក​ទាំង​នោះ​ទន់​ខ្សោយ​ដូច​មនុស្ស​ស្រី!ចូរ​យក​ដាវ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេហើយ​រឹប​អូស​យក​ទាំង​អស់​ទៅ!

38. ចូរ​យក​ដាវ​ទៅ​វាយ​ទឹក​ទន្លេ​របស់​ពួក​គេឲ្យ​រីង​ស្ងួត!ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​រូប​បដិមាពួក​គេ​វង្វេង‌វង្វាន់​ទៅ​តាម​រូប​ទីង‌មោងដ៏​គំរក់​របស់​ខ្លួន។

39. ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​ព្រៃ និង​សត្វ​សាហាវនាំ​គ្នា​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ក្រុង​នេះសត្វ​ត្មាត​ក៏​មក​ធ្វើ​សំបុក​រស់​នៅ​ដែរគ្មាន​មនុស្ស​រស់​នៅអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

40. ក្រុង​នេះ​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​កូម៉ូរ៉ាព្រម​ទាំង​ក្រុង​ឯ​ទៀតៗដែល​ព្រះ‌ជាម្ចាស់​បាន​បំផ្លាញគឺ​គ្មាន​នរណា​មក​រស់​នៅ​ទៀត​ឡើយហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​តាំង​ទី​លំ‌នៅទៀត​ដែរ»។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

41. មើល៍! មាន​កង‌ទ័ព​មក​ពី​ទិស​ខាង​ជើងប្រជា‌ជាតិ​មួយ និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី

42. ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើងពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេសន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រពួក​គេ​ជិះ​សេះ​មកហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ពដើម្បី​វាយ​លុក​ក្រុង​បាប៊ី‌ឡូន!

43. ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​ឮ​ដំណឹង​នេះក៏​ទន់​ដៃ​ទន់​ជើង អន្ទះ‌សានិង​ឈឺ​ចាប់​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។

យេរេមា 50