25. តើក្រុងដ៏ល្បីល្បាញ ក្រុងដ៏សប្បាយនេះត្រូវគេបោះបង់ចោលមែនឬ?
26. នៅថ្ងៃនោះ ពួកយុវជនដួលស្លាប់នៅតាមផ្លូវទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
27. យើងនឹងដុតកំពែងក្រុងដាម៉ាស់ហើយភ្លើងនោះនឹងឆេះបំផ្លាញវិមានរបស់ស្ដេចបេនហាដាដ»។
28. នេះជាព្រះបន្ទូលស្ដីអំពីស្រុកកេដារ និងនគរទាំងប៉ុន្មាននៅហាសោរ ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន វាយយកបាន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរក្រោកឡើង ទៅវាយលុកស្រុកកេដារចូរកម្ទេចពួកអ្នកស្រុកខាងកើតនោះឲ្យអន្តរាយទៅ!
29. ចូរដណ្ដើមយកជំរំ និងហ្វូងសត្វរបស់ពួកគេព្រមទាំងយកក្រណាត់ដ៏ក្រាស់ៗឥវ៉ាន់ និងហ្វូងអូដ្ឋរបស់ពួកគេដែរ។ចូរស្រែកដាក់ពួកគេថាការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង!
30. អ្នកស្រុកហាសោរអើយចូរនាំគ្នារត់គេចខ្លួនយ៉ាងលឿនហើយពួនក្នុងរូងភ្នំទៅ!ដ្បិតនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនបានសម្រេចរៀបចំគម្រោងការវាយប្រហារអ្នករាល់គ្នាហើយ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31. ចូរក្រោកឡើងទៅវាយលុកប្រជាជាតិដែលរស់នៅយ៉ាងសុខសាន្ត គ្មានកង្វល់អ្វី- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -ដ្បិតទីលំនៅរបស់គេ គ្មានទ្វារ គ្មានរនុកទេគេរស់នៅដាច់តែឯង។
32. ខ្មាំងសត្រូវនឹងដណ្ដើមយកហ្វូងអូដ្ឋរបស់ពួកគេព្រមទាំងរឹបអូសយកហ្វូងសត្វដ៏ច្រើនរបស់ពួកគេ ទុកជាជយភ័ណ្ឌទៀតផង។យើងនឹងកំចាត់ប្រជាជនដែលកោរជើងសក់ឲ្យខ្ចាត់ខ្ចាយទៅគ្រប់ទិសតំបន់យើងនឹងធ្វើឲ្យទុក្ខវេទនាពីគ្រប់ទិសទីកើតមានដល់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
33. ស្រុកហាសោរនឹងក្លាយទៅជា ជម្រករបស់ឆ្កែព្រៃជាទីស្មសានរហូតតទៅគឺនឹងគ្មានប្រជាជនរស់នៅហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យនៅទៀតដែរ»។
34. នៅដើមរជ្ជកាលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា ស្ដីអំពីស្រុកអេឡាំដូចតទៅ:
35. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«យើងកាច់បំបាក់ធ្នូ ជាអាវុធដ៏ល្បីល្បាញរបស់ជនជាតិអេឡាំ។
36. យើងនឹងធ្វើឲ្យខ្យល់ទាំងបួនទិសបក់មកលើស្រុកអេឡាំយើងឲ្យខ្យល់ទាំងនោះកំចាត់ពួកគេខ្ចាត់ខ្ចាយទៅគ្រប់ទិសទីជនជាតិអេឡាំទៅនៅក្នុងចំណោមប្រជាជាតិទាំងអស់ ឥតចន្លោះណាមួយឡើយ។
37. យើងនឹងធ្វើឲ្យជនជាតិអេឡាំញ័ររន្ធត់នៅចំពោះមុខខ្មាំងសត្រូវ និងនៅចំពោះមុខអស់អ្នកដែលចង់ប្រហារជីវិតពួកគេ។យើងនឹងនាំទុក្ខវេទនាមកលើពួកគេដោយកំហឹងដ៏ខ្លាំងក្លារបស់យើង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងឲ្យដាវទៅតាមប្រហារពួកគេរហូតទាល់តែប្រល័យជីវិតពួកគេអស់គ្មានសល់។
38. យើងនឹងមកគ្រងរាជ្យលើស្រុកអេឡាំយើងនឹងប្រហារជីវិតស្ដេច និងនាម៉ឺនរបស់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-
39. ប៉ុន្តែ នៅគ្រាក្រោយយើងនឹងស្ដារស្រុកអេឡាំឡើងវិញ»។